ប្រទេសឈីលីចាប់ផ្ដើមធ្វើការតេស្ដសាកល្បងវ៉ាក់សាំងបង្ការ លើសត្វដែលងាយរងគ្រោះ និងជិតផុតពូជ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ១៩
- BY
- autoadmin
- January 4, 2022
សត្វខ្លា Bengal ឈ្មោះថា Charly និងសត្វស្វា Orangutan ឈ្មោះថា Sandai ដែលជាពូជសត្វងាយរងគ្រោះ និងជិតផុតពូជបំផុត ដែលកំពុងរស់នៅឯសួនសត្វ Buin រដ្ឋធានី Santiago ប្រទេសឈីលី ត្រូវបានគេផ្ដល់ជូនវ៉ាក់សាំងបង្ការជំងឺ COVID-19 ដើម្បីការពារខ្លួនពីរោគរាតត្បាត ដែលធ្វើឱ្យវាក្លាយជាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 លើសត្វដំបូងបំផុតនៅអាមេរិកឡាទីន។ Charly និង Sandai ក៏ដូចជាសត្វចំនួន ៨ ក្បាលផ្សេងទៀត ត្រូវបានគេជ្រើសរើសនៅក្នុងការធ្វើតេស្ដវ៉ាក់សាំងបង្ការរោគ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ដោយសារតែពួកវាគឺជាក្រុមសត្វ ដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ COVID-19 ។

ជាការពិតណាស់ សត្វក៏មិនខុសពីមនុស្សទូទៅនោះដែរ វាត្រូវបានរំខានពីជំងឺ COVID-19 ខណៈដែលពួកវាមិនទាន់មានវ៉ាក់សាំងការពារខ្លួនជាក់លាក់នៅឡើយទេ។ ជាក់ស្ដែងកន្លងមក វាមានការឆ្លងរាលដាលនៅក្នុងចំណោមសត្វស្វា ស្វាឪ និងខ្លា ក៏ដូចជានៅក្នុងសត្វក្តាន់ សត្វចិញ្ចឹមក្នុងផ្ទះ និងនៅក្នុងសត្វកណ្ដុរជាដើម។ ជាឧទាហរណ៍៖ សត្វតោ នៅប្រទេសសិង្ហបុរី ក្រូអាត និងសហរដ្ឋអាមេរិក, សត្វត្រដំរីទឹក នៅបែលហ្ស៊ិក, សត្វខ្លា នៅឥណ្ឌូនេស៊ី និងសត្វស្វាហ្គោរីឡា នៅអាត្លង់តា ហ្សកហ្ស៊ី គឺសុទ្ធតែជាប្រភេទសត្វ ដែលបានឆ្លងជំងឺ COVID-19 រាប់មកទល់ពេលនេះ។
ការសាកល្បងនេះ គឺមានគោលបំណងបញ្ឈប់ការឆ្លងរាតត្បាតជំងឺ COVID-19 នៅក្នុងចំណោមសត្វងាយរងគ្រោះ និងធ្វើការសិក្សាថា តើវ៉ាក់សាំងអាចបង្កើតភាពស៊ាំ ឬ មានប្រសិទ្ធភាពបានយូរប៉ុនណា។ នៅក្នុងសួនសត្វ Buin មិនទាន់មានសត្វណាមានជំងឺ COVID-19 នៅឡើយទេ ប៉ុន្តែពួកគេនៅតែត្រូវការការសិក្សា ដើម្បីបើកផ្លូវដល់ការចាក់វ៉ាក់សាំងឱ្យបានទូលំទូលាយ។ ចំណែកឯនៅសហរដ្ឋអាមេរិកវិញ នៅតាមរដ្ឋមួយចំនួនក៏កំពុងចាប់ផ្ដើមប្រកាសពីការធ្វើតេស្ដវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅលើសត្វផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






