អង្គការសុខភាពពិភពលោកបាននិយាយថា ជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ធ្វើឱ្យអ្នកជំងឺមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ
- BY
- autoadmin
- January 5, 2022
អង្គការសុខភាពពិភពលោក (WHO) មានការព្រួយបារម្ភចំពោះការរីករាលដាលនៃជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី អូមីក្រុង ប៉ុន្តែបានបញ្ជាក់កាលពីថ្ងៃអង្គារថា ជំងឺនេះធ្វើឱ្យមានរោគសញ្ញាស្រាលៗប៉ុណ្ណោះ។ ប្រធានផ្នែកគ្រប់គ្រងឧប្បត្តិហេតុរបស់ WHO លោក Abdi Mahamud បាននិយាយថា វ៉ារ្យ៉ង់ អូមីក្រុង ប៉ះពាល់ដល់ផ្លូវដង្ហើមខាងលើ ប៉ុន្តែវ៉ាក់សាំងបង្ការ បានការពារមនុស្សប្រឆាំងនឹងការចូលមន្ទីរពេទ្យ ជំងឺធ្ងន់ធ្ងរ និងការស្លាប់។

អ្នកជំនាញសុខភាពសាធារណៈជាច្រើនក៏បានរាយការណ៍ថា អូមីក្រុង គឺឆ្លងលឿនជាងវ៉ារ្យ៉ង់ផ្សេងទៀត ហើយនៅកន្លែងជាច្រើន វាបានចម្លងរាលដាលលើសពីវ៉ារ្យ៉ង់ដទៃទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ការរីករាលដាលរបស់វា បង្កការគំរាមកំហែងដល់ប្រព័ន្ធវេជ្ជសាស្ត្រនៅក្នុងតំបន់មានចំនួនប្រជាជនច្រើន ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការគ្រប់គ្រាន់។ ប៉ុន្តែអ្នកជំនាញនិយាយថា សូម្បីតែអ្នកដែលបានចាក់វ៉ាក់សាំង ឬធ្លាប់ឆ្លងមេរោគពីមុនក៏ដោយ ក៏អាចឈឺបានដែរ ប្រសិនបើគ្មានការបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






