សហរដ្ឋអាមេរិក រកឃើញករណីវិជ្ជមានដំបូងមេរោគផ្គួបកូវីដ និងផ្តាសាយ “Flurona” លើកុមារ២រូបនៅរដ្ឋ២នេះ
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានរកឃើញករណីវិជ្ជមានមេរោគ “flurona” ជាការផ្គួបគ្នានៃ ជំងឺផ្តាសាយដំណាលគ្នា និងការឆ្លងវីរុសកូវីដ-១៩ លើកុមារ២រូបនៅរដ្ឋ Texas និងmនៅភាគខាងត្បូងរដ្ឋ California។ យោងតាមការចុះផ្សាយលើសារព័ត៌មាន dailymail បានឲ្យដឹងថា ករណីទី១ គឺរកឃើញនៅមន្ទីរពេទ្យ Texas Children’s Hospital កាលពីថ្ងៃច័ន្ទកន្លងទៅ ក្រោយលទ្ធផលធ្វើតេស្តបញ្ជាក់ថា កុមាររូបនោះបានឆ្លងមេរោគគ្រុនផ្តាសាយ និង SARS-CoV-2 ដំណាលគ្នា។ កុមាររូបនោះដែរមិនបានសម្រាកព្យាបាលនៅមន្ទីរពេទ្យទេ ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ។

ចំណែកឯករណីទី២វិញ ត្រូវបានរកឃើញនៅទីក្រុង Brentwood រដ្ឋ California នៅថ្ងៃឆ្នាំសកល នៅមជ្ឈមណ្ឌលធ្វើតេស្តចល័ត។ អ្នកជំងឺមកពីទីក្រុង Cabo San Lucas ប្រទេសម៉ិកស៊ិក បានមកដើរលេងកម្សាន្តនៅសហរដ្ឋអាមេរិកជាមួយគ្រួសារ។ លោក Steve Farzam នាយកប្រតិបត្តិនៃការធ្វើតេស្តរកមេរោគកូវីដ បានឲ្យដឹងកាលពីថ្ងៃពុធថា កុមាររូបនោះមានរោគសញ្ញា ប៉ុន្តែស្ថិតក្នុង “ស្ថានភាពល្អ” ហើយមិនទាន់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយទេ។ កុមាររងគ្រោះត្រូវបានឲ្យត្រលប់ទៅឪពុកម្តាយវិញ បន្ទាប់ពីធ្វើតេស្តរួច និងបញ្ជូនទៅព្យាបាលនៅផ្ទះ។
គួរបញ្ជាក់ផងដែរថា ប្រទេសអ៉ីស្រាអែលជាប្រទេសដំបូល ដែលបានប្រកាសពីការរកឃើញករណីអ្នកឆ្លងមេរោគ “Flurona” ដោយកើតលើស្រ្តីមានផ្ទៃពោះម្នាក់ដែលត្រូវទៅសម្រាលកូននៅក្នុងមណ្ឌលសុខភាព Rabin Medical Centre ខណៈដែលស្រ្តីរូបនេះមិនធ្លាប់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ នោះទេ នាពេលកន្លងមក។
បើតាមលោកបណ្ឌិត Nahla Abdel Wahab ដែលជាគ្រូពេទ្យឯកទេសផ្នែកជំងឺឆ្លងប្រចាំនៅមន្ទីរពេទ្យ Cairo University Hospital នៃប្រទេសអ៉ីស្រាអែល បានពន្យល់ថា ជំងឺ “Flurona” មិនមែនជាមេរោគនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនោះទេ តែវាជាមេរោគមួយបង្កឡើងដោយការបូកបញ្ចូលគ្នារវាងមេរោគ ២ប្រភេទដាច់ដោយឡែកពីគ្នាគឺមេរោគនៃជំងឺកូវីដ ១៩ និងមេរោគនៃជំងឺគ្រុនផ្តាសាយ។ អ្នកកើតជំងឺ “Flurona” មិនបានបង្ហាញរោគសញ្ញាអ្វីខុសប្លែកពីអ្នកកើតជំងឺកូវីដ ១៩ និងអ្នកកើតជំងឺផ្តាសាយទូទៅនោះទេ តែប្រព័ន្ធការពាររាងកាយរបស់អ្នកជំងឺនេះនឹងត្រូវចុះខ្សោយយ៉ាងខ្លាំង ព្រោះតែត្រូវរងនូវការវាយប្រហារដោយមេរោគចំនួន ២ផ្សេងគ្នាក្នុងពេលតែមួយ៕
