អន្តរជាតិ

ថៃបានអះអាងថា ប្រទេសខ្លួនមិនទាន់មានករណីជំងឺផ្គួបគ្នា «ហ៊្វូរ៉ូណា» នៅឡើយទេ

BY
autoadmin
January 8, 2022

ប្រធាននាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ គឺលោក Suphakit Sirilak បាននិយាយកាលពីថ្ងៃសុក្រថា មិនទាន់មានករណីនៃជំងឺ Flurona (ហ្វ៊ូរ៉ូណា) ត្រូវបានរកឃើញនៅក្នុងប្រទេសថៃនៅឡើយទេ។ Flurona គឺជាពាក្យដែលប្រើ ដើម្បីពិពណ៌នាអំពីការឆ្លងក្នុងពេលដំណាលគ្នារវាងជំងឺ COVID-19 និងមេរោគគ្រុនផ្តាសាយ។ រោគសញ្ញារបស់ Flurona គឺស្រដៀងទៅនឹងរោគសញ្ញា COVID-19 ប៉ុន្តែចំនួនករណីនៅទូទាំងពិភពលោកមានកម្រិតទាបនៅឡើយ ខណៈករណីរបស់ Flurona ទើបតែត្រូវបានរកឃើញនៅក្នុងប្រទេសអ៊ីស្រាអែល ប្រេស៊ីល ហុងគ្រី និងហ្វីលីពីន។

លោក Suphakit បានណែនាំឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះជំងឺ២ផ្គួបគ្នាតែមួយនេះ ជាមួយនឹងការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតពីអ្នកដទៃ។ ចំណែកការិយាល័យសន្តិសុខសុខភាពជាតិ ក៏បានរៀបចំវ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយចំនួន ៦លានដូស ដើម្បីការពារជនងាយរងគ្រោះ ខណៈកម្មវិធីចាក់វ៉ាក់សាំង COVID-19 នឹងមានផ្ដល់ជូនប្រជាជនថៃទាំងមូល។ លោក Suphakit បាននិយាយថា វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយគួរតែត្រូវបានផ្ដល់ជូនមួយទៅ ២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំង COVID-19 ដើម្បីញែកដាច់ពីគ្នា កុំឱ្យមានផលប៉ះពាល់ណាមួយ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: