អង្គការសុខភាពពិភពលោក៖ វាជាកំហុសដែលហៅជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ថាជាមេរោគកម្រិតស្រាល
- BY
- autoadmin
- January 8, 2022
អង្គការសុខភាពពិភពលោកបានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង កំពុងសម្លាប់មនុស្សនៅទូទាំងពិភពលោក ហើយមិនគួរចាត់ទុកថា វាអាចបង្កឱ្យមានជំងឺស្រាលៗនោះទេ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន France24 ។ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា ចំនួនអ្នកឆ្លងមេរោគបំប្លែងខ្លួនថ្មីមួយនេះ កំពុងមានការកើនឡើងច្រើនជាងអ្នកឆ្លងវ៉ារ្យ៉ង់ ដែលតា នៅក្នុងប្រទេសមួយចំនួន ហើយតាមមន្ទីរពេទ្យក៏កំពុងមានអ្នកជំងឺយ៉ាងច្រើនលើសលប់។

លោក Tedros បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«ខណៈពេលដែល អូមីក្រុង ហាក់ដូចជាមិនសូវធ្ងន់ធ្ងរបើប្រៀបធៀបទៅនឹង ដែលតា ជាពិសេសនៅក្នុងចំណោមអ្នកចាក់វ៉ាក់សាំងរួចនោះ វាមិនមានន័យថា វាគួរតែត្រូវបានចាត់ទុកថា ជាកម្រិតស្រាលនោះទេ»។ លោកបានពន្យល់ថា៖«ដូចទៅនឹងវ៉ារ្យ៉ង់មុនៗ អូមីក្រុង ធ្វើឱ្យអ្នកជំងឺចូលមន្ទីរពេទ្យ ហើយវាកំពុងសម្លាប់មនុស្ស។ ហើយតាមពិតទៅ រលកយក្សនៃការឆ្លង មានទំហំធំ និងរហ័ស ដែលសន្ធប់លើប្រព័ន្ធសុខភាពនៅជុំវិញពិភពលោក»។
ករណី COVID-19 ថ្មីជាង ៩.៥ លានករណី ត្រូវបានរាយការណ៍ទៅ WHO កាលពីសប្តាហ៍មុន ដែលជាកំណត់ត្រាកើនឡើង ៧១% ធៀបនឹងកាលពីសប្តាហ៍មុន។ តួលេខនេះអាចជាការប៉ាន់ស្មានដែលតិចជាងចំនួនពិតប្រាកដ ហើយលោក Tedros បាននិយាយថា ចំនួននេះមិនរាប់បញ្ចូលការធ្វើតេស្តនៅជុំវិញថ្ងៃបុណ្យណូអែល-ចូលឆ្នាំ ការធ្វើតេស្តដោយខ្លួនឯងវិជ្ជមានដែលមិនបានចុះបញ្ជី និងករណីបាត់មួយចំនួនផង៕

អត្ថបទ៖ លីដា
ប្រភព៖ France24
- Share This Post:






