ស្តែងណាស់! បាក់ជញ្ជាំងថ្មភ្នំសង្កត់ទូកដឹកភ្ញៀវទេសចរ ធ្វើឲ្យមនុស្ស៧នាក់បាត់បង់ជីវិត និង៣នាក់កំពុងបាត់ខ្លួន នៅប្រទេសប្រេស៊ីល (មានវីដេអូ)
ប្រេស៊ីល៖ យ៉ាងហោចណាស់មនុស្ស៧នាក់បានបាត់បង់ជីវិត និង៣នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងហេតុការណ៍បាក់ជញ្ជាំងថ្មភ្នំសង្កត់លើទូកដឹកភ្ញៀវទេសចរនៅក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។ ក្រុមជួយសង្គ្រោះ រួមទាំងក្រុមអ្នកមុជទឹក និងសមាជិកនៃកងទ័ពជើងទឹកប្រេស៊ីល បានប្រញាប់ប្រញាល់ទៅកាន់បឹង Furnas ក្នុងរដ្ឋ Minas Gerais ជាកន្លែងដែលអ្នកទេសចរភ័យជួបឧបទ្ទវហេតុជញ្ជាំងថ្មភ្នំបាក់សង្កត់លើទូកចំនួន៣គ្រឿង។

អ្នកនាំពាក្យក្រុមពន្លត់អគ្គីភ័យ Minas Gerais លោក Pedro Aihara បានឲ្យដឹងកាលពីយប់ថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ជាផ្លូវការចុងក្រោយបំផុតគឺមានចំនួន៧នាក់ និងកំពុងបាត់ខ្លួន៣នាក់។ អាជ្ញាធរបាននិយាយថា មនុស្ស ៣២ នាក់ផ្សេងទៀតបានរងរបួសក្នុងនោះមាន ៩ នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា មុនពេលកើតហេតុ ក្រុមអ្នកទេសចរបាននាំគ្នាជិះទូកកម្សាន្តទៅមើលជញ្ជាំងថ្ម រូងភ្នំ និងទឹកធ្លាក់ដែលព័ទ្ធជុំវិញទឹកបៃតងដ៏ស្រស់ស្អាតនៃបឹង Furnas។ ខណៈកំពុងតែជិះទូកកម្សាន្ត ស្រាប់តែមួយសន្ទុះក្រោយមក ជញ្ជាំងថ្នភ្នំបានបាក់សង្កត់មកលើទូកទេសចរនោះតែម្តង។ យោងតាមក្រុមពន្លត់អគ្គីភ័យបានឱ្យដឹងថា ហេតុការណ៍បាក់ជញ្ជាំងភ្នំនេះអាចកើតឡើង ដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងប៉ុន្មានថ្ងៃចុងក្រោយនេះនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ដែលធ្វើឲ្យមានទឹកជន់ខ្លាំងពេក៕
ប្រភព៖ channelnewsasia