អ្នកជំនាញអាមេរិក បង្ហាញរោគសញ្ញាជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង និងភាពខុសគេរបស់វា ដែលអ្នកគ្រប់គ្នាគួរយល់ដឹង
- BY
- autoadmin
- January 10, 2022
ដូចដែលយើងបានដឹងរួចមកហើយថា ជំងឺ COVID-19 វ៉ារ្យ៉ង់ថ្មី អូមីក្រុង កំពុងធ្វើឱ្យករណីឆ្លងថ្មីៗនៅជុំវិញពិភពលោក មានការកើនឡើងយ៉ាងគំហុក ហើយជាក់ស្ដែងវាកំពុងដាក់សម្ពាធយ៉ាងខ្លាំងនៅឯសហរដ្ឋអាមេរិក ខណៈប្រទេសជាច្រើនក៏បានមើលឃើញពីការកើនឡើងក្នុងចំនួនច្រើនមិនធ្លាប់មានពីមុន។ ថ្វីបើការយល់ដឹងពី អូមីក្រុង នៅមានកម្រិតពិតមែន ប៉ុន្តែអ្នកជំនាញក៏កំពុងចាប់ផ្ដើមស្គាល់ពីរោគសញ្ញារបស់វាជាបណ្ដើរៗ និងថាតើវានឹងប៉ះពាល់បែបណាចំពោះ ពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការ, អ្នកចាក់ដូសជំរុញ (វ៉ាក់សាំង+ដូសជំរុញ) និងអ្នកដែលមិនចាក់វ៉ាក់សាំងទាល់តែសោះ។

ពលរដ្ឋដែលបានប៉ះពាល់ទៅនឹងវ៉ារ្យ៉ង់ អូមីក្រុង គឺអាចនឹងឆ្លងមេរោគមួយនេះលឿនជាងប្រភេទណាទាំងអស់ ប៉ុន្តែរោគសញ្ញាក៏មិនដូចគ្នាទាំងស្រុងនោះដែរ ដោយសារ អូមីក្រុង មានរោគសញ្ញាគួរឱ្យកត់សម្គាល់ដូចជា៖ ក្អក, អស់កម្លាំង, ស្ទះផ្លូវដង្ហើម ឬ ហៀរសំបោរ, ស្អក-ក និង ឈឺក្បាល ដែលមើលទៅគឺអាចច្រឡំជាមួយនឹងជំងឺផ្ដាសាយធម្មតា។ វាមិនដូចនឹងវ៉ារ្យ៉ងដទៃទៀត ដែលអាចធ្វើឱ្យអ្នកជំងឺបាត់បង់ការស្គាល់រសជាតិ និងក្លិនឡើយ។ យ៉ាងណាក៏ដោយ ទាំងអស់នេះគឺយើងអាចដឹងបានតាមរយៈរបាយការណ៍នាពេលកន្លងមក ប៉ុន្តែមិនមែនជាការសិក្សាបែបវិទ្យាសាស្ត្រនោះទេ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត Rahul Sharma ដែលជាគ្រូពេទ្យសង្គ្រោះបន្ទាន់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ NewYork-Presbyterian/Weill Cornell។
សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងធម្មតា គឺអាចមានរោគសញ្ញាដូចជា៖ ក្អក គ្រុនក្ដៅ និងអស់កម្លាំង ជាជាងអ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 បូករួមទាំងដូសជំរុញ។ វ៉ារ្យ៉ង់ អូមីក្រុង មិនចូលក្នុងសួតជ្រៅដូចវ៉ារ្យ៉ង់ដទៃទេ ប៉ុន្តែវាចូលទៅក្នុងផ្លូវដង្ហើមឆាប់រហ័សជាងគេ នេះបើតាមការសិក្សារបស់សកលវិទ្យាល័យទីក្រុងហុងកុង។ ដូច្នេះវាអាចឱ្យអ្នកឆ្លងមេរោគ អូមីក្រុង មានបញ្ហារលាកទងសួត ច្រើនជាងធ្វើឱ្យមានជំងឺរលាកសួត។ ជាមួយគ្នានេះដែរ អ្នកជំងឺដែលធ្លាប់ឆ្លងជំងឺ COVID-19 ពីមុនៗ ហើយមកឆ្លងជាមួយនឹង អូមីក្រុង ម្ដងទៀត គឺមិនមានចេញរោគសញ្ញាច្រើនដូចមុនទេ។ ដូច្នេះសម្រាប់អ្នកមានរោគសញ្ញាដូចជាជំងឺផ្ដាសាយ គ្រូពេទ្យបានណែនាំឱ្យស្វែងរកការធ្វើតេស្ដឱ្យបានត្រឹមត្រូវបំផុត។
អ្នកដែលឆ្លងជំងឺ COVID-19 វ៉ារ្យ៉ង់ អូមីក្រុង ភាគច្រើនមានរោគសញ្ញាពី ៣ ទៅ ៥ថ្ងៃ ហើយសម្រាប់អ្នកបានចាក់វ៉ាក់សាំងគ្រប់ចំនួនដូស គឺមិនសូវជាត្រូវការការព្យាបាលនៅមន្ទីរពេទ្យនោះទេ។ វ៉ារ្យ៉ងនេះអាចនឹងនាំឱ្យរោគសញ្ញារយៈពេលវែង បើទោះបីជាអ្នកជំនាញមិនទាន់កំណត់ជាក់លាក់ក៏ដោយ។ សម្រាប់ករណីដែលអ្នកជំងឺមានរោគសញ្ញារយៈវែង វាអាចធ្វើឱ្យមានការចុះខ្សោយកម្លាំង និងចង្វាក់បេះដូងមិនទៀងទាត់ ជាច្រើនខែបន្ទាប់ពីឆ្លងជំងឺរួច។ បញ្ហាបែបនេះមានតាំងពីរលកដំបូងនៃជំងឺរាតត្បាត COVID-19 ហើយក៏បន្ដរហូតដល់ ដែលតា ។ ជារួមទៅ គឺអ្នកជំនាញនិយាយថា វ៉ាក់សាំងនៅតែដើរតួសំខាន់ក្នុងមុខងារជាច្រើន និងទប់ស្កាត់រោគសញ្ញារយៈពេលវែងនេះ៕


អត្ថបទ៖ លីដា
ប្រភព៖ NBC News
- Share This Post:






