អន្តរជាតិ

អាជ្ញាធររបស់ប្រទេសថៃ បានបញ្ជាក់ពីការរកឃើញជំងឺប៉េស្តជ្រូកអាហ្រ្វិកជាលើកដំបូងបំផុត បន្ទាប់ពីមានការសង្ស័យថា ខ្លួនព្យាយាមលាក់បាំងព័ត៌មានរបស់ជំងឺ

BY
autoadmin
January 11, 2022

អាជ្ញាធររបស់ប្រទេសថៃ នៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ បាននិយាយថា ខ្លួនបានរកឃើញជំងឺប៉េស្តជ្រូកអាហ្រ្វិក (African Swine Fever) ពីសំណាកដែលប្រមូលបានពីផ្ទះកាប់សាច់មួយកន្លែង នៅក្នុងខេត្ត Nakhon Pathom ដែលនេះគឺជាការបញ្ជាក់ជាផ្លូវការដំបូងបំផុតរបស់អាជ្ញាធរថៃ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ ពោលគឺអាជ្ញាធរថៃបានចាប់ផ្ដើមបើកការស៊ើបអង្កេតមួយ កាលពីចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីមានការសង្ស័យកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលថាជំងឺ ASF កំពុងបំផ្លាញហ្វូងជ្រូករបស់ប្រទេសថៃរួចទៅហើយ ខណៈរដ្ឋាភិបាលបានព្យាយាមបិទបាំងព័ត៌មាន។

វត្តមានជំងឺប៉េស្តជ្រូកអាហ្រ្វិកត្រូវបានរកឃើញពីសំណាក ១ ក្នុងចំណោម ៣០៩ សំណាក ក៏ដូចជាសំណាកឈាម ចេញពីសត្វជ្រូក នៅកសិដ្ឋានចំនួន ១០ និងកន្លែងកាប់សាច់ចំនួន ២ នៅក្នុងតាមខេត្តដែលចិញ្ចឹមសត្វជ្រូក។ ជាលទ្ធផលគេបានរកឃើញសំណាក ១ ដែលយកមកពីផ្ទះកាប់សាច់ នៅខេត្ត Nakhon Pathom បានវិជ្ជមានជាមួយជំងឺប៉េស្តជ្រូកអាហ្រ្វិក។ ការបញ្ជាក់នេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរប្រទេសថៃ បានបដិសេធការផ្ទុះឡើងនៃជំងឺនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែល ASF បានផ្ទុះរីករាលដាលពាសពេញទ្វីបអឺរ៉ុប និងអាស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងបានសម្លាប់ជ្រូករាប់រយលានក្បាល។

ជាមួយគ្នានេះដែរ អាជ្ញាធរនឹងប្រកាសពី «តំបន់ផ្ទុះជំងឺ» នៅក្នុងរង្វង់ ៥ គីឡូម៉ែត្រ ពីកន្លែងដែលមានការផ្ទុះឡើង, កំណត់ចលនាជ្រូក, ពិចារណាសម្លាប់សត្វដែលសង្ស័យថាមានមេរោគ និងទូទាត់សំណងដល់កសិដ្ឋានដែលរងផលប៉ះពាល់។ ប្រទេសថៃក៏នឹងជូនដំណឹងដល់អង្គការសុខភាពសត្វពិភពលោក (OIE) អំពីការរកឃើញជាផ្លូវការនៃជំងឺនេះផងដែរ។ រដ្ឋាភិបាលថៃក៏បានអនុម័តប្រាក់ចំនួន ៥៧៤ លានបាត (១៧.១៥ លានដុល្លារអាមេរិក) ជាសំណងដល់កសិដ្ឋានចិញ្ចឹមខ្នាតតូច នៅក្នុងខេត្តចំនួន ៥៦ ដែលជ្រូកត្រូវបានសម្លាប់កាលពីឆ្នាំមុន ដើម្បីការពារជំងឺប៉េស្តជ្រូកអាហ្រ្វិក និងជ្រូកដែលមានជំងឺផ្សេងទៀត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: