អន្តរជាតិ

សោកស្តាយណាស់! កណ្ដុរហិតមីនរបស់កម្ពុជា ម៉ាហ្កាវ៉ា ដែលធ្លាប់ទទួលមេដាយមាសពីអង់គ្លេស ពេលនេះបានលាចាកលោកហើយនៅក្នុងអាយុ ៨ ឆ្នាំ

BY
autoadmin
January 12, 2022

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានរាយការណ៍ថា Magawa (ម៉ាហ្កាវ៉ា) ដែលជាកណ្តុរបោសសម្អាតមីននៅកម្ពុជាដ៏ល្បីល្បាញ និងធ្លាប់បានទទួលមេដាយមាសចំពោះវីរភាពរបស់វា បានស្លាប់នៅអាយុ ៨ ឆ្នាំ។ ក្នុង​អាជីព​រយៈពេល​ ៥​ ឆ្នាំ ដែលវាបានបំពេញការងារជាមួយមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (សុីម៉ាក់) វាបានហិតរក​គ្រាប់​មីន និង​គ្រឿង​ផ្ទុះ​ជាង ១០០ គ្រាប់​នៅ​កម្ពុជា។ គួរឱ្យដឹងដែរថា ម៉ាហ្កាវ៉ា គឺជាសត្វកណ្តុរដែលជោគជ័យបំផុត ដែលត្រូវបានបណ្តុះបណ្តាលដោយអង្គការសប្បុរសធម៌បែលហ្ស៊ិក APOPO ដើម្បីជូនដំណឹងដល់អ្នកដោះមីន ដូច្នេះគ្រាប់មិនទាន់ផ្ទុះអាចត្រូវបានយកចេញដោយសុវត្ថិភាព។

ម៉ាហ្កាវ៉ា ត្រូវបានបង្កាត់ពូជនៅប្រទេសតង់ហ្សានី ហើយវាត្រូវបានគេបង្ហាត់បង្រៀនរយៈពេល ១ឆ្នាំ ទើបបញ្ជូនមកកាន់ប្រទេសកម្ពុជា ដើម្បីបំពេញតួនាទីជាកណ្ដុរហិតមីន។ វាបានជួយសម្អាតផ្ទៃដីក្នុងទំហំ ១៤១,០០០ ម៉ែត្រក្រឡា ឬស្មើនឹងទីលានបាល់ទាត់ចំនួន ២០ រួមបញ្ចូលគ្នា។ ម៉ាហ្កាវ៉ា មានទម្ងន់ចំនួន ១.២ គីឡូក្រាម, មានប្រវែង ៧០ សង់ទីម៉ែត្រ ហើយហាក់ដូចជា មានទំហំធំជាងកណ្ដុរធម្មតា ក៏ប៉ុន្តែវានៅតែតូច និងស្រាលល្មម ដែលអាចឱ្យវាចូលរួមក្នុងការសម្អាតមីននៅកម្ពុជា ដោយសារទម្ងន់របស់វាមិនធ្វើឱ្យមីនផ្ទុះឡើយ។ វាបានចូលនិវត្តន៍នៅខែមិនថុនា ឆ្នាំមុន ដោយសារកម្លាំងចុះខ្សោយទៅតាមអាយុកាល។

ប្រភពបាននិយាយថា ដំបូងឡើយ ម៉ាហ្កាវ៉ា មានសុខភាពល្អ និងរត់លេងជាធម្មតា។ ប៉ុន្តែទើបតែសប្ដាហ៍មុននេះ វាបានបង្ហាញពីភាពទ្រុឌទ្រោម ដេកច្រើន និងមិនចង់ស៊ីចំណីនោះទេ។ រំលឹកផងដែរថា កាលពីឆ្នាំ២០២០ ម៉ាហ្កាវ៉ា បានទទួលមេដាយមាស និងជាលើកដំបូងបំផុតក្នុងរយៈពេល ៧៧ឆ្នាំ ពីស្ថាប័ន PDSA ដែលមានតម្លៃស្មើនឹងមេដាយ George Cross បើប្រៀបធៀបនឹងមេដាយរបស់មនុស្ស។ វាត្រូវបានគេហៅថាជា «វីរកណ្ដុរ» ជាមួយនឹងការលះបង់ដើម្បីកាតព្វកិច្ចដ៏អស្ចារ្យរបស់វា៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: