ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង សម្រេចបាន60%ហើយ នឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ

    BY Khmernote Media March 2, 2022
    ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង សម្រេចបាន60%ហើយ នឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង សម្រេចបាន60%ហើយៗតាមផែនការគ្រោងទុក នឹងបញ្ចប់ក្នុងឆ្នាំ២០២៣ខាងមុខ ដូចនេះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងអាចមានទឹកប្រើបា្រស់គ្រប់គ្រាន់តាមតម្រូវការ។

    ថ្លែង សន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅទី០១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងជំរុញ ពន្លឿន ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិតបាន ៣៩០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ(ជំហានទី១ ១៩៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងជំហានទី២ ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ) សម្រេចបានប្រមាណជា៦០% នៃគម្រោងសាងសង់ជំហានទី១ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទំាងមូល ឱ្យបានគ្រប់គ្រាន់។

    ឯកឧត្តមបានបន្តថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

    ក្នុងនោះដែរគឺរោងចក្របាក់ខែង ដែលទទួលបានការសម្ពោធបើកការដ្ឋានពីសម្តេច កាលពីខែ០១ ឆ្នាំ២០២០កន្លងមកនោះ គឺយើងបានសំណង់ជំហានទី១រហូតមកទល់ពេលនេះ បាន៦០%ហើយ អ៊ីចឹងសំណង់នេះតាមផែនការ បើទោះជាជួបប្រទះកូវីដ-១៩បែបណាក៏ដោយ ក៏យើងទាន់តាមការគ្រោងទុករបស់យើង គឺជាចុងឆ្នាំ២០២៣ យើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដើមឆ្នាំ២០២៤ គឺធានាថាទឹកនៅក្នុងរាជធានីភ្នំពេញលែងមានបញ្ហា គឺគ្រប់គ្រាន់ទាំងអស់ អ៊ីចឹងសព្វថ្ងៃនេះ ក្រុមការងារសាងសង់រោងចក្រផលិតទឹក ក្រុមសាងសង់ពង្រីកបំពង់មេនាំទឹក ដែលយើងដាក់បំពង់រហូតទៅដល់២ម៉ែត្រ យើងដាក់ឆ្លងទៅបាតទន្លេសាបហើយបាតទន្លេសាបនេះ គឺជាសំណង់ប្រវត្តិសាស្ត្រដែលយើងមិនដែលមានទេ គឺដាក់បំពង់ក្រោមបាតទន្លេសាប ដោយចាប់ផ្ដើមការសាងសង់នៅក្នុងខែ៤ ខែ៥ ឆ្នាំ២០២២នេះ នេះជាសំណង់មួយ ដែលជាសមិទ្ធផលរបស់សម្តេចតេជោ។

    សូមបញ្ជាក់ថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹក ស្ថិតនៅទន្លេមេគង្គ និងការដំឡើងបំពង់មេនាំទឹក ដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង៨០០ម៉ែត្រ។ គម្រោងខ្នងដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: