ក្រសួងសុខាភិបាល ជូនដំណឹងពីការប្រមូលត្រឡប់ពីផ្សារមកវិញនូវផលិតផលទឹកដោះគោប្រភេទនេះ ដោយសង្ស័យថាមានឆ្លងមេរោគនៅក្នុងម្សៅទឹកដោះគោ បង្កគ្រោះថ្នាក់ដល់សុខភាពកុមារ និងទារក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រមូលត្រឡប់ពីផ្សារមកវិញនូវផលិតផលទឹកដោះគោឈ្មោះ Alimentum, EleCare និង Human Milk Fortifier.

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រសួងសុខាភិបាលទទួលដំណឹងពីបណ្ដាញអាជ្ញាធរសុវត្ថិភាពចំណីអាហារអន្តរជាតិ (INFOSAN= International Food Safety Authority Networks) សេចក្ដីប្រកាសរបស់រដ្ឋបាលឱសថ និងចំណីអាហារសហរដ្ឋអាមេរិក សេចក្ដីប្រកាសរបស់រោងចក្រផលិតទឹកដោះគោឈ្មោះ អ៊ែបប៊ុត (Abbott) និងលិខិតចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ របស់ក្រុមហ៊ុន ឌីខេមអេសអេច (ខេមបូឌា) អិលធីឌី បានបញ្ជាក់ពីការប្រមូលត្រឡប់មកវិញដោយស្ម័គ្រចិត្តនូវផលិតផលទឹកដោះគោម្សៅដូចមានឈ្មោះ Alimentum, EleCare និង Human Milk Fortifier ផលិតដោយរោងចក្រ ស្ទឺហ្គីស (Sturgis) រដ្ឋមីស៊ីហ្គែន សហរដ្ឋអាមេរិក សង្ស័យថាមានឆ្លងមេរោគឈ្មោះ ក្រូណូបាក់ទែរ សាកាហ្សាគី និងសាលម៉ូណែលឡា ក្នុងខ្សែសង្វាក់ផលិតកម្ម។ មេរោគនេះបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់ពិសេសចំពោះទារកនិងកុមារតូចៗ។
សូមបញ្ជាក់ថាពពួកមេរោគ ក្រូណូបាក់ទែរ សាកាហ្សាគី ស្លាប់បានទៅសីតុណ្ហភាព ៧០អង្សាសេឡើង។ ដូចនេះចំពោះមាតាបិតាដែលនិយមរៀបចំ(ធុង) ទឹកដោះគោម្សៅជាមួយទឹកត្រជាក់ដែលមានកម្ដៅទាបជាង ៧០អង្សាសេ គឺមានហានិភ័យខ្ពស់ដល់សុខភាពកូនលោកអ្នក។
សូមអានសេចក្ដីព័ត៌មានលម្អិតរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖

