ស្ពានជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចជ្រើសរើសជាផ្លូវការ នឹងធ្វើពីផ្សាររាត្រី ភ្ជាប់ដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ហើយបន្តទៅអរិយក្សត្រ
រាជធានីភ្នំពេញ៖ ក្រោយពីទន្ទឹងរងចាំអស់រយៈពេលជាយូរ ពេលនេះទីតាំងសម្រាប់សាងសង់ស្ពានដែលជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចជ្រើសរើសជាផ្លូវការហើយ ដោយស្ពានមួយខ្សែនេះ នឹងត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅការឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពអនុញ្ញាតឱ្យក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចរចាជាមួយស្ថាប័នពាក់ព័ន្ធរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅទីតាំងផ្សាររាត្រី ភ្ជាប់ទៅតំបន់ជ្រោយចង្វារ ហើយបន្តទៅតំបន់អរិយក្សត្រ ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង។
បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ៕