ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន អះអាងថាមានសន្ទុះវិជ្ជមានឡើងវិញ បន្ទាប់ពីចុងសប្ដាហ៍ទី១ ខែមីនានេះ កម្ពុជាទទួលបានភ្ញៀវជិត ២០ម៉ឺននាក់

    BY Khmernote Media March 7, 2022
    ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន អះអាងថាមានសន្ទុះវិជ្ជមានឡើងវិញ បន្ទាប់ពីចុងសប្ដាហ៍ទី១ ខែមីនានេះ កម្ពុជាទទួលបានភ្ញៀវជិត ២០ម៉ឺននាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរផ្ទៃក្នុងនាចុងសប្តាហ៍ ថ្ងៃទី៥-៦ ខែមីនា ឆ្នាំ២០២២ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា ដោយភ្ញៀវសរុបមានចំនួន១៩៩,៤២៩នាក់ ក្នុងនោះភ្ញៀវជាតិ១៨៨,៣៣៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១១,០៩១នាក់។

    គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
    -ខេត្តព្រះសីហនុ ៤០,០១២នាក់
    -រាជធានីភ្នំពេញ ២៤,១០១នាក់
    -ខេត្តពោធិ៍សាត់ ២៣,៥១៨នាក់
    -ខេត្តបាត់ដំបង ២០,៥៩០នាក់
    -ខេត្តកំពត ១៩,៣៦១នាក់
    -ខេត្តសៀមរាប ១៨,៦០៩នាក់
    -ខេត្តកែប ៦.៣១៦នាក់
    -ខេត្តកំពង់ស្ពឺ ៥,៨៧៧នាក់
    -ខេត្តមណ្ឌលគិរី ៥,០៣១នាក់។

    ឯកឧត្ដម ថោង ខុន បានអះអាងថា ចរន្តភ្ញៀវទេសចរក្នុងសប្តាហ៍នេះ មានសន្ទុះវិជ្ជមានឡើងវិញបន្ទាប់ពីមានការថមថយ៣សប្តាហ៍ជាប់គ្នា។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ២០.៨៣% ធៀបនឹងចុងសប្តាហ៍កន្លងមក។

    ជាមួយអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ដែលមានលក្ខណៈថមថយខ្លះធៀបនឹងសប្តាហ៍កន្លងមក ភ្ញៀវទេសចរបានចាប់ផ្តើមដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍តាមខេត្តឡើងវិញជាបណ្តើរៗ ប៉ុន្តែតាមការសង្កេតជាក់ស្តែង ចរន្តភ្ញៀវពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត ក៏នៅមិនទាន់មានចំនួនច្រើននៅឡើយធៀបនឹងរយៈពេលមុនមានការកំរើកឡើងនៃវីរុសប្រភេទអូមីក្រុង។ បើសិនជានិន្នាការនៃការរីករាលដាលនៃ អូមីក្រុង បន្តថមថយចុះ ចរន្តភ្ញៀវទេសចរផ្ទៃក្នុង នឹងមានភាពផុសផុលត្រលប់មកវិញ ពិសេសអាចវិលទៅរកស្ថានភាពមុនការកម្រើកនៃប្រភេទអូមីក្រុងនេះ ដូចកាលពីកំឡុងចុងខែមករា និងដើមខែកុម្ភៈកន្លងមក។

    ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយកចិត្តទុកដាក់ខ្លាំងជាមុន ពិសេសការអនុវត្តវិធានការជាមូលដ្ឋាន «៣កុំ និង ៣ការពារ» ដោយបារម្ភខ្លាចប្រភេទអូមីក្រុង ដែលមានការចម្លងលឿន។ ក្រសួងទេសចរណ៍ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាលនៅតែបន្តសហការជាមួយមន្ទីរ និងស្ថាប័នពាក់ពាន់ខិតខំជំរុញការអនុវត្តន៍វិធានការ៣កុំ និង៣ការពារ វិធានសុវត្ថិភាពទេសចរណ៍ និង SOP ជាប្រចាំ បើទោះអត្រាឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង មានការស្រាកស្រាន្តខ្លះក៏ដោយ៕

    ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    Share This Post: