ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការតាមផ្លូវច្បាប់ និងឃាត់ខ្លួន ចំពោះជនដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌ ធ្វើការរារាំង ប្រមាថអាជ្ញាធរ និងយកសំភារៈបិទផ្លូវបង្កការកកស្ទះចរាចរណ៍

    BY Khmernote Media March 7, 2022
    រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការតាមផ្លូវច្បាប់ និងឃាត់ខ្លួន ចំពោះជនដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌ ធ្វើការរារាំង ប្រមាថអាជ្ញាធរ និងយកសំភារៈបិទផ្លូវបង្កការកកស្ទះចរាចរណ៍

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខណ្ឌទួលគោក ស្ដីពី ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងភូមិសាស្ត្រខណ្ឌ ជាពិសេសបណ្ដោយមហាវិថី ម៉ៅ សេទុង (ផ្លូវលេខ២៤៥)។

    ដើម្បីឈានទៅរកការរក្សាបានសណ្ដាប់ធ្នាប់តាមដងផ្លូវ របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍លើកម្ពស់សោភ័ណភាពទីក្រុង និងតម្រង់ទិសការប្រើប្រាស់ចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញឲ្យចំទិសដៅសម្រាប់ជាប្រយោជន៍សាធារណៈ ដើម្បីកាត់បន្ថយបានការកកស្ទះចរាចរណ៍ និងធ្វើឲ្យមានអនាម័យ បរិស្ថានល្អ រក្សាសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយតាមដល់ផ្លូវ ដោយឡែកផ្លូវម៉ៅសេទុង(ផ្លូវ ២៤៥) ក៏ជាផ្លូវអាទិភាពមួយខ្សែក្នុងចំណោមផ្លូវអាទិភាពទាំង១១ខ្សែដែលសាលារាជធានីភ្នំពេញបានចេញណែនាំក្នុងការរៀបចំសណ្ដាប់ធ្នាប់ផងដែរ។

    ផ្ទុយទៅវិញមានបងប្អូនអាជីវករមួយចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអាណាធិបតេយ្យនៅលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវនេះដដែល ដូច្នេះរដ្ឋបាលខណ្ឌគ្មានជម្រើសណាក្រៅពីការអនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលទាំងឡាយដែលមិនអនុវត្តតាមសេចក្ដីជូនដំណឹងនានារបស់រដ្ឋបាលខណ្ឌ ដែលបានដាក់ចេញកន្លងមក។

    ជាក់ស្ដែងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះអនុវត្តនូវវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កំឡុងពេលអនុវត្តវិធានការរដ្ឋបាល មានជនមួយក្ដាប់តូចបានធ្វើសកម្មភាពញុះញង់ និងរារាំង កម្លាំងសមត្ថកិច្ចដោយប្រើហិង្សា និងយកសម្ភារៈផ្សេងៗគប់ព្រមទាំងប្រើពាក្យសំដីជេរប្រមាថមកលើមន្ត្រី និងកងកម្លាំងដែលកំពុងបំពេញភារកិច្ច។

    លើសពីនេះទៅទៀត នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ជនមួយចំនួនដដែលនោះ នៅតែបង្កើនសកម្មភាពញុះញង់ និងរារាំងខ្លាំងជាមុន ដោយអ្នកខ្លះបានគប់ផ្លែឈើ និងជេរប្រមាថធ្ងន់ៗមកលើមន្ត្រី និងកម្លាំងសមត្ថកិច្ច ព្រមទាំងបានយកសម្ភារៈផ្សេងៗមកគរបិទកំណាត់ផ្លូវម៉ៅសេទុន (ផ្លូវ២៤៥) ធ្វើឲ្យកកស្ទះ និងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៀតផង។

    ក្នុងន័យនេះរដ្ឋបាលខណ្ឌ សូមជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន ពិសេសជនដែលបានប្រើហិង្សាកន្លងមក សូមបញ្ឈប់សកម្មភាពបង្កភាពបង្កការញុះញង់បង្កើតជាបទល្មើសជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់​។ ករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និងឃាត់ខ្លួន កសាងសំណុំរឿងបញ្ចូនទៅតុលាការតាមនីតិវិធីច្បាប់ ៕

    ប្រភព៖ រដ្ឋបាលខណ្ឌទួលគោក

    Share This Post: