ដរាបណាកម្ពុជាមិនទាន់អស់មេរោគកូវីដ១៩ ចិនក៏មិនបញ្ឈប់ការផ្ដល់ជំនួយវ៉ាក់សាំងមកកម្ពុជាដែរ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអះអាងថា ដរាបណាកម្ពុជាមិនទាន់អស់មេរោគកូវីដ-១៩ ចិនក៏មិនបញ្ឈប់ការផ្ដល់ជំនួយវ៉ាក់សាំងមកកម្ពុជាដែរ ខណៈដែលកម្ពុជា-ចិនជាមិត្តដែក ថែបហើយតែងតែគាំទ្រគ្នាគ្រប់កាលៈទេសៈទាំងអស់។

ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ថា ភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនថ្នាក់ជាតិដំបូងគេលើពិភពលោកមកកាន់ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗនេះ។ ភាគីចិននឹងផ្ដល់ជូនជំនួយឥតសំណងជាវ៉ាក់សាំងកូវីដជំហានថ្មីដល់កម្ពុជាយ៉ាងឆាប់រហ័ស និងព្រមទាំងផ្ដល់ការគាំទ្រយ៉ាងពេញទំហឹងជូនដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សកម្មភាពការចាក់វ៉ាក់សាំងជូនដល់កុមារ។
ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ជំនួយឥតសំណងរបស់ភាគីចិនជូនដល់កម្ពុជា នាពេលថ្មីៗនេះ។
ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២សម្រេចបានក្រុមមនុស្សអាយុ ១៨ឆ្នាំ ឡើងទៅ បានជាង១០២ភាគរយ អាយុ ១២-១៧ឆ្នាំ បាន១០០ភាគរយ អាយុ ០៦-១១ឆ្នាំ បានជាង១០៧ភាគរយ និងកុមារអាយុ០៥ឆ្នាំបានជិត១២០ភាគរយ។
ពាក់ព័ន្ធទៅនឹងការងារប្រយុទ្ធប្រឆាំងកូវីដ-១៩នៅកម្ពុជានេះ ត្រូវបានគេមើលឃើញថា ប្រទេសចិនជាប្រទេសទីមួយ ដែលបានផ្ដល់សម្ភារៈបច្ចេកទេស បរិក្ខាពេទ្យ ថ្នាំពេទ្យ និងវ៉ាក់សាំងការពារកូវីដ-១៩ដល់កម្ពុជាច្រើនជាងគេ ពោលគឺក្នុងរយៈពេលកន្លងមកនេះ ទាំងការបញ្ជាទិញ និងការផ្ដល់ជំនួយរបស់មិត្តចិន វ៉ាក់សាំងការពារកូវីដ-១៩ របស់ចិនប្រមាណជិត៤០លានដូសបានផ្ដល់ជូនដល់កម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន