ប្រជាពលរដ្ឋសំដែងការសប្បាយរីករាយចំពោះសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល ក្រោយពីការសាងសង់ ស្ពានអាកាសចោមចៅរួចរាល់
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រជាពលរដ្ឋបានសំដែងការសប្បាយរីករាយចំពោះសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល ក្រោយពីការ សាងសង់ស្ពានអាកាសចោមចៅរួចរាល់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ឱ្យកាន់តែមានភាពងាយស្រួល និងមិនមានការកកស្ទះដូចពេលមុននោះឡើយ។

លោក មាស ដារ៉ា បានឱ្យដឹងថា ការសាងសង់ស្ពានអាកាសចោមចៅនេះឡើង គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវាបានរួមចំណែកយ៉ាងសំខាន់ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទូទៅមានភាពងាយស្រួលជាងមុន និងមិនមានការ កកស្ទះខ្លាំងដូចមុននោះទេ ជាពិសេសគឺបម្រើដល់វិស័យដឹកជញ្ជូននៅតាមបណ្ដាខេត្តផ្សេងៗជាដើម។ ជាមួយគ្នានោះ លោកក៍បានសម្ដែងក្ដីសប្បាយរីករាយចំពោះសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយពីការសាងសង់ ស្ពានអាកាសចោមចៅនេះរួច ធ្វើឱ្យ រាជធានីភ្នំពេញ កាន់តែមានការភាពរីកចម្រើន ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺ ស្ពានអាកាសធំៗនៅក្នុងរាជធានីភ្នំពេញ និងជួយបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។
សំឡេង៖ «ពីមុនអត់ទាន់មានស្ពានគឺវេទនា វាស្ទះលិចស្ទះកើតច្រើន ដល់ពេលឥឡូវមាន អ៊ីចឹងទៅ បើធ្វើរួចមួយខ្សែ ហ្នឹងទៀត អាហ្នឹងលែងស្ទះ រឹតតែសប្បាយជាងហ្នឹងទៅទៀត ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់ ដែលវាអត់សូវស្ទះ ទៅរលូនមករលូន ខ្ញុំ សូមអរគុណដល់សម្ដេចតេជោហ៊ុនសែន ដែលលោកបានកសាងផ្លូវថ្នល់គ្រប់កន្លែង អ៊ីចឹងទៅបងប្អូនកូនចៅយើង ចេះតែសប្បាយ រីករាយ ឱ្យគាត់ចេះតែបានឈ្នះរហូតទៅ។»
ចំណែកលោកស្រី សុខ ចិន្តា ជាអាជីវករលក់ដូរនៅផ្សារជម្ពូវ័នក៏បានឱ្យដឹងដែរថា បន្ទាប់ពីផ្លូវក្រោមដី និងស្ពានអាកាសនេះ សាងសង់រួច និងដាក់ដំណើរការក្នុងពេលឆាប់ៗនេះ គឺអាចជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ហើយរាល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋមានភាពរហ័សទាន់ពេលវេលា។ លោកស្រីបានបន្ថែមទៀត ក្នុងនាមជាអាជីវករម្នាក់ លោកស្រីពិតជាមាន អារម្មណ៍សប្បាយរីករាយ និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានកសាងជាបន្តបន្ទាប់នូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដើម្បីជួយ សម្រួលដល់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រតាមរយៈ ការមានផ្លូវគមនាគមន៍ដ៏ល្អប្រសើរនៅក្នុងមូលដ្ឋានរបស់ខ្លួន។
ជាមួយគ្នានោះ ស្ពានអាកាសចោមចៅ បានបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្នរួមមានផ្លូវក្រោមដីចំនួន៣ខ្សែ គឺខ្សែទី១ ផ្លូវក្រោមដីភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤មកមហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីសម្រួលរំហូរចរាចរណ៍មកពីផ្លូវជាតិលេខ៤ ខ្សែទី២ផ្លូវក្រោមដីភ្ជាប់ពីផ្លូវជាតិលេខ៤ឆ្ពោះទៅមហាវិថីចោមចៅជាផ្លូវឯកទិស និងខ្សែទី៣ជាផ្លូវឯកទិស ភ្ជាប់ចរាចរណ៍ ពីផ្លូវជាតិលេខ៤បត់ស្ដាំឆ្ពោះទៅផ្លូវជាតិលេខ៣។
សូមបញ្ជាក់ថា ស្ពានអាកាសចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាOCIC ប្រើប្រាស់ការសាងសង់រយៈពេល៣០ខែ ដោយចំណាយថវិការប្រមាណ២២លានដុល្លារ ហើយនិងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ២០២២នេះ៕


ប្រភព៖ ក្រសួងព័ត៌មាន