ចាប់ពីថ្ងៃទី១៤ ខែមីនានេះ បុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស ពី ១ប្រអប់ ដល់ ១០ប្រអប់ នៅតម្លៃ ៥០ដុល្លារ ក្នុង ១ដូស
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ឲ្យបានជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ កន្លងមកក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស MOLNATRIS ចែកចាយបន្តក្នុងតម្លៃ ៥៥ដុល្លារអាមេរិក ក្នុង ១ដូស សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតមធ្យម ចំពោះមនុស្សពេញវ័យ។

ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបនឹងតម្រូវការឱសថនេះ និងចូលរួមលើកម្ពស់សុខុមាលាភាព និងជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានផ្ដល់ថវិកាបដិភាគ ដូចនេះ ក្រុមការងារនឹងចែកចាយឱសថ ម៉ូលណាទ្រីស ក្នុងតម្លៃ ៥០ដុល្លារ ក្នុង ១ដូស ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ តទៅ បុគ្គលម្នាក់អាចស្នើសុំទិញឱសថម៉ូលណាទ្រីស ពី ១ប្រអប់ ដល់ ១០ប្រអប់ ហើយមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរងអាចស្នើសុំទិញ ពី ១០ប្រអប់ ដល់ ១០០ប្រអប់។
ករណីមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថានរង ឬអ្នកលក់ យកទៅលក់បន្តលើសពីតម្លៃកំណត់ខាងលលើ ក្រុមការងារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការ តាមនីតិវិធីជាធរមាន ៕
សូមអានសេចក្ដីជូនដំណឹងលម្អិត ដូចខាងក្រោម ៖

