យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ សម្រេចបានប្រមាណជាង ២៥ម៉ឺននាក់ហើយ
រាជធានីភ្នំពេញើ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ក្នុងនោះសម្រាប់ក្រុមកុមារអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ សម្រេចចាក់បានចំនួន ២៥៧ ៦៣៩ នាក់ ដែលស្មើនឹង ៤២.១៩% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់ គិតត្រឹមយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។

ជាមួយគ្នានេះ សម្រាប់ការងារចាក់វ៉ាក់សាំងដូសជំរុញវិញ ក៏បាននិងកំពុងបង្ហាញនូវវឌ្ឍនភាពផងដែរ ដោយដូសជំរុញទី៣ សម្រេចចាក់បាន ៧ ៦១២ ៦៧០ នាក់ និងដូសជំរុញទី៤ សម្រេចចាក់បាន ១ ០៦៨ ៩៤៩ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ និងចាក់វ៉ាក់សាំងដូសជំរុញ រួមជាមួយនឹងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី របស់បុគ្គលគ្រប់រូប ដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសដ៏កាចសាហាវនេះ គឺជាកត្តារួមផ្សំគ្នាដែលមិនអាចខ្វះបាន ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ។
ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៥២ ៩១៧ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩០២ ២៨២ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៥៣% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
សម្រាប់ក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៧ ៨៤៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៥៩ ១៣៨ នាក់ ដែលស្មើនឹង ១០០.០៣% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៣៧ ៦៤២ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៥១ ៧៦៨ នាក់ ដែលស្មើនឹង ១០៧.៣៩% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៦៦ ៧៦៨ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦៥ ១១១ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២០.៥២% ហើយចំពោះការចាក់ដូសជំរុញវិញបានចាប់ផ្តើមកាលពីថ្ងៃម្សិលមិញផងដែរ។
ជាសរុបរួម ស្ថិតិនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជា សម្រេចបាន ១៤ ៧៤២ ៨១១ នាក់ ដែលស្មើនឹង ៩២.១៤% នៃចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់។ ស្ថិតិនៃការចាក់វ៉ាក់សាំងនេះ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ បាននិងកំពុងមានល្បឿនដ៏លឿន ហើយជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន