អ្នកនាំពាក្យក្រសួងការបរទេស ធ្វើការបំភ្លឺទៅនឹងការចុះផ្សាយរបស់ Thai Examiner ពាក់ព័ន្ធនឹងការជួញដូរសរីរាង្គនៅកម្ពុជា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ជុំ សុន្ទរី កាលពីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានច្រានចោលការចេញផ្សាយរបស់សារព័ត៌មាន Thai Examiner កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ថាមានករណីស្រ្តីជនជាតិថៃម្នាក់ បានអះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា ដោយបញ្ជាក់ថានេះ គឺជាការផ្សព្វផ្សាយមិនពិតនោះទេ។

ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា៖ “ខ្ញុំសូមធ្វើការបំភ្លឺចំនួន ០២ចំណុច ពាក់ព័ន្ធនឹងរឿងនេះ ទី១. អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថានោះគឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ។ ទី២. ទន្ទឹមនឹងនេះ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ពុំទាន់ទទួលបានការបញ្ជាក់ណាមួយ ថានេះជាករណីដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ។
ឯកឧត្តម បានបន្ថែមថា ស្ថានទូតកម្ពុជាប្រចាំប្រទេស នឹងបន្តធ្វើការទំនាក់ទំនងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ដើម្បីស្វែងរកព័ត៌មាននេះបន្ថែមទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន