ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យកសាច់ជ្រូកខូចគុណភាព៦០០គីឡូដឹកពីថៃចូលមកខ្មែរ សំណាងសមត្ថកិច្ចឃាត់បានទាន់ កុំអីមិនដឹងចែកចាយដល់ណាខ្លះទេ

    BY Khmernote Media March 14, 2022
    យកសាច់ជ្រូកខូចគុណភាព៦០០គីឡូដឹកពីថៃចូលមកខ្មែរ សំណាងសមត្ថកិច្ចឃាត់បានទាន់ កុំអីមិនដឹងចែកចាយដល់ណាខ្លះទេ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ ១០កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៩គោលដៅចរាចរណ៍សមត្ថកិច្ចនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ រួមជាមួយកម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការបាន ឃាត់រថយន្តមួយគ្រឿងម៉ាក LEXUS RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 2A-7015 នៅចំណុចក្បែរច្រកទ្វាតអន្តរជាតិដូងក្នុងភូមិ បឹងរាំងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈដែលរថយន្តមួយគ្រឿងនេះព្យាយាមបើករត់គេចពីសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ។

    អ្នកបើករថយន្តឈ្មោះរ៉ន ធឿត ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយនៅពេលសមត្ថកិច្ចធ្វើការពិនិត្យក្នុងរថយន្តឃើញមានគ្រឿងក្នុងសាច់ជ្រូកចម្រុះចំនួនប្រមាណ ៦០០គីឡូក្រាមខូចគុណភាព។

    អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី ចេង ឡេង ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចដែលមានលោកវរសេនីយ៍ឯក យី យក់សាន ជានាយការិយាល័យ រួមជាមួយមន្រ្តីជំនាញកាំកុងត្រូលនិងមន្រ្តីជំនាញបសុពេទ្យ រួមគ្នានាំយកសាច់ខូចគុណភាពនេះទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមស្រុកកំរៀង ស្ថិតក្នុងភូមិថ្មីឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោង១៣និង០០នាទីថ្ងៃដដែល រីឯរថយន្តនិងម្ចាស់បាននាំមកកាន់ការិយាល័យជំនាញដើម្បីអនុវត្តតាមផ្លូវច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

    Share This Post: