លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា សម្រេចអនុញ្ញាត អោយរោងចក្រកម្ពុជាផលិតថ្នាំ Molnupiravir សម្រាប់ព្យាបាលជំងឺកូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍របស់ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ថ្នាំ Molnupiravir (ព្យាបាលកូវីដ-១៩) នឹងត្រូវផលិតដោយរោងចក្រថ្នាំនៅកម្ពុជា។

លោកស្រី ឱ វណ្ណឌីន បានថ្លែងឲ្យដឹងថា ” កាលណាដែលឈឺ គឺចាំបាច់ណាស់ត្រូវការប្រើឱសថ ដើម្បីលេបព្យាបាលជំងឺរបស់យើង ដោយសម្រាប់ជំងឺកូវីដ-១៩ ក៏ដូចគ្នាដែរ ហើយឱសថ Molnupiravir គឺសម្រាប់ព្យាបាលជំងឺកូវីដ-១៩ មិនមែនជាឱសថលេបការពារជំងឺកូវីដ-១៩នោះទេ សូមបងប្អូនប្រជាពលរដ្ឋយល់ឲ្យច្បាស់ត្រង់ចំណុចនេះ”។
លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងទៀតថា ឱសថ Molnupiravir គឺយើងទទួលបាននៅការសម្រេចដ៏ត្រឹមត្រូវ ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើងហើយ គឺសម្តេចបានអនុញ្ញាត មានរោងចក្រនៅកម្ពុជា មានសិទ្ធនៅក្នុងការផលិតដើម្បីសម្រាលសម្រួល ទៅដល់ចរាចរនូវឱសថផង ដោយធ្វើយ៉ាងឲ្យឱសថនេះ មានវត្តមានក្នុងប្រទេសកម្ពុជាបានទូលំទូលាយ ហើយចំណែកទី២ គឺថាក្នុងទិសដៅ ឲ្យតម្លៃឱសថប្រភេទមានការធ្លាក់ចុះមួយកម្រិតផងដែរ។ បច្ចុប្បន្ននេះ មិនត្រឹមតែផលិតនៅក្នុងស្រុកទេ ដោយក្រសួងសុខាភិបាល ទទួលបានការសម្រេចចិត្តដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហើយ អ៊ីចឹង យើងក៏មានការផ្ដល់នូវបញ្ជិការ ទៅដល់ឱសថមួយចំនួនទៀត ដែលមានការនាំចូលមកពីប្រទេសក្រៅ ដែលផ្ដល់លទ្ធិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលអាចស្វែងរកនូវឱសថនោះបាននៅលើទីផ្សារ ឱសថស្ថាននានាដែលមានច្បាប់ទម្លាប់ ដែលត្រឹមត្រូវក្នុងការប្រកបអាជីវកម្ម លក់ឱសថនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។ ក្នុងករណីប្រសិនអត់មានឱសថ Molnupiravir ក៏ប៉ុន្តែ ក៏មានឱសថសម្រាប់់ព្យាបាលដែរ ជាពិសេសឱសថបុរាណចិន ក៏អាចប្រើប្រាស់ព្យាបាលជំងឺកូវីដ-១៩ ល្អប្រសើរ និងវិវត្តបានយ៉ាងល្អផងដែរ។
លោកស្រី ឱ វណ្ណឌីន បានបន្ថែមទៀតថា ឱសថ Molnupiravir នេះ ត្រូវបានផលិតរួចទៅហើយ ហើយក៏បានចរាចររួចទៅហើយដែរ។ ដោយឱសថនេះក៏មានគម្រោងនាំចេញទៅលក់នៅប្រទេសក្រៅផងដែរ ប្រភេទឱសថនេះ រោងចក្រទទួលបាននូវការអនុវត្តខាងបច្ចេកទេសត្រឹមត្រូវ ហើយក៏មានការត្រួតពិនិត្យត្រឹមត្រូវពីក្រសួងសុខាភិបាល ហើយយើងក៏មានការឆ្លងកាត់តាមរយៈមន្ទីរពិសោធន៍របស់យើងដែរ ដើម្បីឆែកឆេរមើល ថាតើឱសថនេះ មានគុណភាពត្រឹមត្រូវ សម្រាប់ការប្រើប្រាស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែរ ឬទេ? ហើយកន្លងមកនេះ យើងបានពិនិត្យមើល ចាត់ចែងរៀបចំ ខ្សែសង្វាក់ផលិតកម្ម ទាំងត្រួតពិនិត្យគុណភាពឱសថ..។ល។ គឺស្របតាមលក្ខណៈបច្ចេកទេសទាំងអស់ ដូច្នេះហើយ ក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង ក៏មានការគិតគូរខ្ពស់ដែរ ទៅលើបញ្ហានេះ ហើយយើងក៏បានគោរពសូមគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី សម្តេចក៏មានការគាំទ្រ ហើយក៏បានសម្រេចលើបញ្ហាអនុញ្ញាតឲ្យបន្តការផលិតនូវឱសថប្រភេទនេះ ដើម្បីបន្តលក់នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង ៕