លោកជំទាវ ឱ វណ្ណឌីន ពន្យល់ពីតម្រូវការចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក១៩) ក្នុងក្របខណ្ឌទូទាំងប្រទេស បានពន្យល់ និងណែនាំនូវលក្ខខណ្ឌចាំបាច់មួយចំនួន ដែលតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋត្រូវតែមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ មានទាំងដូសទី៣ និងដូសទី៤។

លោកជំទាវប្រធាន គ.វ.ក១៩ បានបញ្ជាក់ថា ៖ “ក្នុងបរិបទដែលវីរុសអូមីក្រុងបាននិងកំពុងចរាចរយ៉ាងសកម្មនៅក្នុងសង្គមរស់នៅរបស់យើង ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ត្រូវមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ជាពិសេសក្រុមដែលត្រូវវេនចាក់ដូសជំរុញទី៣។ ខ្ញុំសូមជម្រាបជូនថា ការមកទទួលដូសជំរុញទី៣នេះ គឺដើម្បីបង្កើនកងការពារនៅក្នុងសរីរាង្គកាយរបស់យើង ដែលការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា ក្នុងរយៈពេលចាប់ពី៤ខែឡើងទៅ បន្ទាប់ពីការចាក់ដូសមូលដ្ឋាន កងការពាររបស់យើងនឹងចាប់ផ្តើមធ្លាក់ចុះជាបណ្តើរៗ ហើយកងការពារយើងនេះនឹងបន្តធ្លាក់ចុះអស់តែម្តងក្នុងចន្លោះពីខែទី៦ ទៅខែទី៨”។
នេះគឺជាការសំខាន់ណាស់ ដែលបងប្អូនជនរួមជាតិត្រូវតែមកទទួលវ៉ាក់សាំងដូសជំរុញ ដូសទី៣នេះ បន្ទាប់ពី៤ខែ ក្រោយចាក់ដូសទី២ ឬដូសមូលដ្ឋាន ដោយឡែកសម្រាប់បងប្អូនដែលចាក់វ៉ាក់សាំង Johnson&Johnson ដែលចាក់តែ១ដូស ក៏គិតស្មើនឹងដូសមូលដ្ឋានដែរ គឺត្រូវមានគម្លាត៤ខែដូចវ៉ាក់សាំងដទៃទៀត។ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ “សូមបងប្អូនរាប់ចាប់ពីថ្ងៃដែលបងប្អូនចាក់ដូសទី២ ហើយបើគ្រប់៤ខែហើយ សូមមកចាក់ដូសទី៣កុំឱ្យខានឱ្យសោះ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅជិតកន្លែងបងប្អូនរស់នៅ”៕

ប្រភព៖ ក្រសួងព័ត៌មាន