ប្រធានាធិតីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្ដល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០លានដូស បន្ថែមទៀតដល់កម្ពុជា
រាជធានៅភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ២០លានដូស ដែលក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជានៅចុងខែមីនា ឆ្នាំ២០២២។ ជាងនេះទៀតកម្ពុជា-ចិន នឹងធ្វើការរួមគ្នាក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខផងដែរ។

នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ទាប់ពីជំនួបពិភាក្សាការងារតាមប្រព័ន្ធទូរស័ព្ទ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២២។ នៅក្នុងជំនួបនេះ ក៏មានការពិភាក្សាទៅលើចំណុចជាច្រើននៅក្នុងកម្រិតទ្វេភាគី តំបន់ និងបញ្ហារបស់ពិភពលោកផងដែរ។ កិច្ចពិភាក្សានេះបានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន។
ឯកឧត្ដមប្រធានាធិបតីចិន បានលើកឡើងថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូច្នេះចិននឹងនាំចូលអង្ករឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិតផលកសិកម្មមួយចំនួនទៀត ដូចជាផ្លែចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ឯកឧត្ដម ស៊ី ជិនពីង ក៏បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍន៍ទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្ដមប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០លានដូស។
ក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២។ ជាងនេះទៀតកម្ពុជា-ចិន និងធ្វើការរួមគ្នាក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជានាពេលខាងមុខផងដែរ។ ទន្ទឹមនេះដែរ ឯកឧត្ដម ស៊ី ជិនពីង ក៏បានមានប្រសាសន៍ ជំរុញបង្កើតជើងហោះហើររវាងប្រទេសទាំងពីរ។ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ២០២១នោះ ឯកឧត្ដមប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។ ឯកឧត្ដម ស៊ី ជិនពីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងចិន។
ឯកឧត្ដម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីខែមករា កន្លងទៅនេះ ដោយឯកឧត្ដមបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ក្នុងចូលរួមចំណែកដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួមដំណោះស្រាយតាមផ្លូវអាស៊ាន។ ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញឯកឧត្ដមប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ ឯកឧត្ដមប្រធានាធិបតីចិន បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។
ជាមួយគ្នានេះដែរ ឯកឧត្ដមប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ-១៩ ៕


ប្រភព៖ ក្រសួងព័ត៌មាន