ក្រសួងពាណិជ្ជកម្ម ព្រមានចាត់វិធានការចំពោះស្ថានីយប្រេងដែលលក់លើសតម្លៃកំណត់ និងផ្អាកលក់ដើម្បីទុកប្រេងលក់ឡើងថ្លៃ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីសំណើរ ស្ដីពី សំណើរសុំជួយអន្តរាគមន៍ចំពោះដេប៉ូស្ថានីយ៍ប្រេងឥន្ទនៈឯកជនមួយចំនួន ដែលលក់រាយប្រេងឥន្ទនៈនៅតាមឃុំ សង្កាត់ ក្រុង ខណ្ឌ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបន្តលក់រាយប្រេងឥន្ទនៈជូនប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរក្សាស្ថិរភាព និងជីវភាពរស់នៅរបស់ប្រជាជន។

ដោយសារស្ថានភាពនៃការរីករាលដាលនៃមេរោគ COVID-19 ជាសកលបានធ្វើឲ្យតម្លៃប្រេងសាំង និងប្រេងម៉ាស៊ូត កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក បានធ្លាក់ចុះថ្លៃមកនៅត្រឹមជាង 50$/Barrel ដែលជាហេតុបណ្ដាលឲ្យប្រទេសក្នុងអង្គការ OPEC និងប្រទេសផលិតប្រេងមួយចំនួនទៀតបានកាត់បន្ថយការផលិតប្រេងឥន្ធនៈរបស់ខ្លួន ហើយនៅក្នុងពេលដែលប្រទេសភាគច្រើននៅលើសកលលោកចាប់ផ្ដើមដំណើរការបើកប្រទេសឡើងវិញ តម្លៃប្រេងសាំង និងប្រេងម៉ាស៊ូតក៏បានចាប់ផ្ដើមឡើងខ្ពស់រហូតដល់ 110$/Barrel កាលពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២២។ បន្ថែមពីលើនេះ បន្ទាប់ពីមានសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្នាទៅវិញទៅមក បានធ្វើឲ្យតម្លៃប្រេងសាំងបានកើនដល់ 149.84$/Barrel នឹងតម្លៃប្រេងម៉ាស៊ូតធម្មតាបានកើនដល់ 180.93$/Barrel កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។
ក្នុងស្មារតីនេះ ដើម្បីដោះស្រាយស្ថានការណ៍ចំពោះមុខក្នុងការធ្វើឲ្យតម្លៃប្រេងឥន្ធនៈនៅកម្ពុជា មានភាពបត់បែនទាន់សភាពការណ៍ទីផ្សារអន្តរជាតិ សម្រាប់ការរក្សាឲ្យបាននូវការលក់រាយប្រេងឥន្ធនៈឲ្យមានស្ថិរភាព និងនិរន្តរភាពនៅលើទីផ្សារកម្ពុជា ក្រសួងពាណិជ្ជកម្មបានស្នើសុំគោលការណ៍ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ដើម្បីឯកភាពតាមមតិភាគច្រើនរបស់ក្រុមហ៊ុនប្រេងឥន្ធនៈនៅកម្ពុជា ដែលបានស្នើសុំប្ដូរការកំណត់រយៈពេលការចេញថ្លៃលក់រាយជូនក្រុមហ៊ុនប្រេងឥន្ធនៈ ក្នុងរយៈពេល១៥ថ្ងៃម្ដង មកជារយៈពេល ១០ថ្ងៃម្ដងវិញ និងស្នើសុំឲ្យមានការអនុវត្តការផ្លាស់ប្ដូរការកំណត់តម្លៃនេះឲ្យបានលឿនស្របតាមសភាពការណ៍ទីផ្សារអន្តរជាតិ។
ក្រសួងពាណិជ្ជកម្មពិនិត្យឃើញថា គ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ របស់ក្រុមហ៊ុនប្រេងឥន្ទនៈនៅកម្ពុជា នៅបន្តថាលក់ជាធម្មតាដែលភាគច្រើន មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ ឬនៅតាមបណ្តាទីរួមខេត្ត ឬទីរួមស្រុក ប៉ុន្តែចំពោះដេប៉ូស្ថានីយប្រេងឥន្ធនៈឯកជនមួយចំនួន ដែលភាគច្រើននៅតាមដងផ្លូវក្រៅពីទីរួមខេត្ត ឬទីរួមស្រុក បានផ្អាកការលក់រាយរបស់ខ្លួន និងមួយចំនួនបានឡើងថ្លៃប្រេងឥន្ធនៈមុនការកំណត់ ៕
សូមអានព័ត៌មានលម្អិតរបស់ ក្រសួងពាណិជ្ជកម្ម ដូចខាងក្រោម៖

