សារព័ត៌មាន Thairath បានបញ្ជាក់ថា នារីថៃដែលត្រូវបានផ្សព្វផ្សាយថាប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា គឺជារឿងមិនពិត
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កាសែត Thairath នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានផ្សាយព័ត៌មានបញ្ជាក់ពីនារីថៃម្នាក់ដែលត្រូវបានផ្សព្វផ្សាយថាប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា គឺជារឿងមិនពិតនោះទេ។

កាសែត Thairath បានបន្ថែមថា៖ «ករណីស្ត្រីជនជាតិថៃម្នាក់ ដែលអះអាងថា ត្រូវបានជនជាតិចិន បូមយកឈាមលក់ និងបម្រុងវះយកសរីរាង្គទៅលក់នោះ បានសារភាពប្រាប់មន្ត្រីថៃថា គាត់បានកុហកពិតមែន ព្រោះខ្លាចគ្មានអ្នកជួយគាត់ត្រឡប់ទៅប្រទេសថៃវិញ»។
សូមរម្លឹកថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ សារព័ត៌មាន Thai Examiner បានផ្សាយថាមានករណីស្រ្តីជនជាតិថៃម្នាក់ អះអាងថាខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា។ បន្ទាប់ពីមានការផ្សព្វផ្សាយនេះ ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការច្រានចោលថា ជារឿងមិនពិតផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន