យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ សម្រេចបានជិត ៩លាននាក់ហើយ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសគឺការងារចាក់វ៉ាក់សាំងដូសជំរុញ ក្នុងនោះដូសទី៣ សម្រេចបាន ៧ ៧៧៤ ២៥៩ នាក់ និងដូសទី៤ សម្រេចបាន ១ ១១៩ ៧៥៨ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២។

ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងការចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន រួមជាមួយនឹងការរស់ជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ ជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៥៨ ៧៩៣ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩០៩ ៩១១ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៥៩% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៨ ៦៤៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៦១ ០៦៤ នាក់ ដែលស្មើនឹង ១០០.០៧% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៤០ ៨៦៤ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៥៧ ១៦១ នាក់ ដែលស្មើនឹង ១០៧.៥៦% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៧១ ១០៧ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦៨ ៤៧៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២១.៩៥%។
ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ២៨១ ៩០១ នាក់ ដែលស្មើនឹង ៤៦.១៦% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់ ហើយចំពោះការចាក់ដូសទី២ នឹងចាប់ផ្តើមបន្ទាប់ពីការចាក់ដូសទី១ បាន២៨ថ្ងៃ ឬ០៤សប្តាហ៍។
ជាសរុបរួម ប្រជាពលរដ្ឋកម្ពុជាចំនួន ១៤ ៧៨១ ៣១០ នាក់ ក្នុងចំនួនសរុប ១៦លាននាក់ បានទទួលវ៉ាក់សាំងកូវីដ-១៩។ ការងារចាក់វ៉ាក់សាំងនេះ ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤ ជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤៤ ៧៥១ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក និងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖
– វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ២៩ ៤២៤ ៨០០ ដូស។
– វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។
– វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៣ ៧៨៤ ៥០០ ដូស។
– វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។
– វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។
– វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ ដូស។
ដោយឡែកនៅចុងខែមីនានេះ កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥លានដូស ក្នុងចំណោម ២០លានដូស ដែលឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបសន្ទនាតាមទូរស័ព្ទជាមួយ សម្តេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន