សម្ដេចតេជោហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈតម្លៃជាង ៨០លានដុល្លារអាមេរិក
រាជធានីភ្នំពេញ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យប្រើប្រាស់អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថាជាមន្ទីរពេទ្យលោកសង្ឃ។

មន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ជាមន្ទីរពេទ្យដ៏ធំមួយទៀត បន្ទាប់ពីមន្ទីរ ពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលបានសាងសង់ឡើងក្រោមជំនួយឥតសំណង់របស់រដ្ឋាភិបាល និងប្រជាជនចិន។ សមិទ្ធ ផលទាំងអស់នេះ មិនអាចលេចចេញជា រូបរាងឡើយ បើមិនមានចំណងមិត្តភាពដ៏ល្អប្រសើររវាងកម្ពុជា និងចិនទេនោះ។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថា មន្ទីរពេទ្យមិត្ត ភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលប្រជាពលរដ្ឋខ្មែរស្គាល់ជាទូទៅថាជាមន្ទីរពេទ្យលោកសង្ឃនោះ ត្រូវបានសាង សង់ និងបំពាក់បរិក្ខារ ដោយចំណាយថវិកាជាង ៨០លានដុល្លារអាមេរិក ជាជំនួយឥត សំណងរបស់រដ្ឋាភិបាលចិន។
មន្ទីរពេទ្យនេះ ត្រូវបានបើកការដ្ឋានសាង សង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១៨ ដោយចំណាយពេល ៣៩ខែ។ អគារមន្ទីរ ពេទ្យថ្មីនេះ ត្រូវបានសាងសង់លើទំហំដីជាង ១៣ ពាន់ម៉ែត្រក្រឡា មានកម្ពស់ ១១ ជាន់ ជាមួយប្រវែង ៥៣ម៉ែត្រ។ ចែក ចេញជាផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ត្រ ផ្នែកជំងឺទូទៅ ជំងឺវះកាត់ ផ្នែកសម្ភព រោគស្ត្រី ព្រម ទាំងសេវាជំនួយផ្សេងៗទៀត។ នៅលើ ដំបូលអគារមានចំណតឧទ្ធម្ភាគចក្រចុះ ចត ទម្ងន់ពី៣ តោន ទៅ ៥តោនថែមទៀតផង។
មន្ទីរពេទ្យដែលបំពាក់ដោយឧបករណ៍វេជ្ជសាស្ត្រទំនើបៗនេះ មានគ្រែសម្រាប់ព្យាបាលអ្នកជំងឺរហូតដល់ទៅ ៤០០គ្រែ។ ក្នុងមន្ទីរពេទ្យនេះ ក៏មានកន្លែងព្យាបាលតាមបែបវេជ្ជសាស្ត្របុរាណចិនផងដែរ ហើយព្យាបាលដោយគ្រូពេទ្យចិនផ្ទាល់តែម្តង។
ឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងទៀតថា មន្ទីរ ពេទ្យថ្មីនេះ ជាមន្ទីរពេទ្យដ៏ធំមួយក្នុងប្រទេសកម្ពុជា ហើយមានកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋប្រជាមានិតចិន។ វាអាចផ្តល់សេវាថែទាំជូនប្រជាជននៅទូទាំងប្រទេស ដែលមានអាការៈជំងឺធ្ងន់ៗ ហើយក៏ជាកន្លែងបណ្តុះបណ្តា លធនធានមនុស្សមួយដ៏សំខាន់ ព្រោះជាកន្លែងបណ្តុះបណ្តាលតាំងពីដើម មក។
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលជាគេស្គាល់ថាជាមន្ទីរពេទ្យផ្នែកឆ្អឹងតាំងពីដើមមកនោះ នៅពេលនេះត្រូវបានធ្វើទំនើបកម្មកាន់ តែខ្លាំងបន្ថែមលើជំនាញវះកាត់ជាមួយឧបករណ៍វេជ្ជសាស្ត្រ ដែលប្រើបច្ចេកវិទ្យាចុងក្រោយកម្រិតអន្តរជាតិ។ ក្នុងមន្ទីរពេទ្យក៏ត្រូវបានបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់សម្រាប់ការថត សម្រាប់ការធ្វើរោគវិនិច្ឆ័យ ដែលជាផ្នែកដ៏សំខាន់សម្រាប់គាំទ្រដល់ការព្យាបាល។
មន្ទីរពេទ្យនេះ មានបន្ទប់វះកាត់ចំនួន៩ ហើយមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រងនោម វះកាត់បេះដូង វះកាត់សួត និងអាចដូរអវៈយវៈ ដូចជាតម្រង នោម និងថ្លើមជាដើម។
បើតាមឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យនេះត្រូវបានរៀបចំឡើងដោយស្រប តាមនិយាមអន្តរជាតិ ពោលមន្ទីរពេទ្យទំនើបៗនៅលើពិភពលោកបំពាក់ឧបករណ៍វេជ្ជសាស្ត្រអ្វី ក៏ក្នុងមន្ទីរពេទ្យនេះមានដូចគ្នា។ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា មន្ទីរពេទ្យនេះមានសមត្ថភាពព្យាបាលមិនចាញ់មន្ទីរពេទ្យក្រៅ ប្រទេសនោះឡើយ។ដូច្នេះ វត្តមានមន្ទីរពេទ្យដែលមានឧបករណ៍វេជ្ជសាស្ត្រទំនើបនេះ នឹងកាត់បន្ថយការចេញទៅក្រៅប្រទេសស្វែងរកសេវាព្យាបាលរបស់ប្រជាពលរដ្ឋខ្មែរ៕




ប្រភព៖ ក្រសួងព័ត៌មាន