ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ណែនាំឱ្យរដ្ឋមន្រ្តីសុខាភិបាល រៀបចំនីតិវិធីឱ្យការវះកាត់ប្តូរសរីរាង្គទៅជាស្របច្បាប់

    BY Khmernote Media March 21, 2022
    សម្ដេចតេជោ ណែនាំឱ្យរដ្ឋមន្រ្តីសុខាភិបាល រៀបចំនីតិវិធីឱ្យការវះកាត់ប្តូរសរីរាង្គទៅជាស្របច្បាប់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រៀបចំនីតិវិធីដើម្បីឱ្យការវះកាត់ប្តូរសរីរាង្គ ទៅជាការស្របច្បាប់ ខណៈកម្ពុជា មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់។

    ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាមានសមត្ថភាព តាំងពីឆ្នាំ២០១០ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយមាន លទ្ធភាពវះកាត់ផ្លាស់ប្តូរក្រលៀនបាន គ្រាន់តែមិនផ្សព្វផ្សាយតែប៉ុណ្ណោះ។

    សម្តេចតេជោ បានណែនាំឱ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលត្រូវគិតគូរពិចារណាឱ្យការដូរក្រលៀនក្លាយ ជារឿងទូលំទូលាយ អាចឱ្យអ្នកជំងឺដឹង ចៀសវាងពលរដ្ឋយើងទៅដូរនៅក្រៅប្រទេស ។

    សម្តេចតេជោ ក៏បានឱ្យដឹងដែរថា មានជនបរទេសគេមកដូរក្រលៀននៅកម្ពុជា តែប្រជាពលរដ្ឋទៅដូរនៅក្រៅប្រទេសវិញ ដោយសារតែប្រជាពលរដ្ឋមិនដឹងថា កម្ពុជាមានលទ្ធភាព និងសមត្ថភាពអាចប្តូរបាន ។

    សម្តេចតេជោ ក៏បានរំលឹកកាលពីពេលកន្លងទៅ បើសម្តេចមិនអន្តរាគមន៍នោះទេ អ្នកដែលបានផ្លាស់ប្តូរ និងអ្នកដែលផ្តល់ ក្រលៀនគឺស្លាប់ទាំងពីរអ្នកតែម្តង ខណៈដែលសមត្ថកិច្ចបានចុះចាប់ ដោយថាជារឿងជួញដូរខុសច្បាប់ ។

    « សូមឱ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្វើការពិចារណាឱ្យទៅជាស្របច្បាប់តែម្តង យើងធ្វើ ស្របច្បាប់ ហើយតែយើងអត់ទាន់បានផ្សាយ ហើយឥឡូវបងប្អូនយើងត្រូវការ យើងធ្វើអ្វីបានខ្លះព្រោះគេដូរបាន អ្នកដែលខ្ញុំឱ្យ លុយដូរនៅក្រៅប្រទេស នៅរស់វាយកូនហ្គោលបានទៀត អ្នកខ្លះដូរដល់ថ្លើម។ ប៉ុន្តែកុំឱ្យមានការជួញដូរសរីរាង្គ ឧទាហរណ៍ ដើម្បីឱ្យវាត្រូវគ្នារវាងអ្នកដែលត្រូវទទួលការដោះដូរ ជាមួយនឹងអ្នកដែលផ្តល់ វាត្រូវមានគ្រុបឈាមដូចគ្នាទើបដូរបាន ប៉ុន្តែឱ្យរកចេញពីក្រុមគ្រួសារ ប្អូនបរិច្ចាគឱ្យបង ឬក្មួយបរិច្ចាគឱ្យឳពុកមារ ឬអ្នកដទៃទៀតដែលស្ម័គ្រចិត្តហ្នឹងផ្តល់ ធ្វើយ៉ាងនេះវាមិនសូវ ជាស្របច្បាប់តែអាចមនុស្សរស់ ព្រោះថាក្រលៀនមាន២គេត្រូវការក្រលៀនតែមួយទេដើម្បីការរស់។ អ៊ីចឹងចំណុចនេះខ្ញុំស្នើឱ្យពិចារណាដើម្បីលើកចេញ ហើយប្រាប់ថាមន្ទីរពេទ្យនេះធ្វើបាន ព្រោះឥឡូវយើងនៅបន្ត ចេញទៅក្រៅ ប្រទេស ក្នុងប៉ុន្មានថ្ងៃកន្លងទៅនេះខ្ញុំត្រូវឧបត្ថម្ភម្នាក់ទៀតដើម្បីចេញទៅក្រៅប្រទេស » ។

    ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់នេះ មានបន្ទប់វះកាត់ចំនួន៩ ហើយមានសមត្ថភាពវះកាត់ឆ្អឹង ប្តូរក្បាលឆ្អឹង ប្តូរតម្រងនោម វះកាត់បេះដូង វះកាត់សួត និងអាចដូរអវៈយវៈ ដូចជាតម្រងនោម និងថ្លើមជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: