ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ការងារចាក់វ៉ាក់សាំងដូសជំរុញទី៤ សម្រេចបានជាង ១លាននាក់ហើយ

    BY Khmernote Media March 22, 2022
    ការងារចាក់វ៉ាក់សាំងដូសជំរុញទី៤ សម្រេចបានជាង ១លាននាក់ហើយ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាពិសេសគឺការចាក់វ៉ាក់សាំងដូសជំរុញ ដោយដូសទី៤ សម្រេចបាន ១ ១២៧ ០០៨ នាក់ បន្ទាប់ពីបានបើកយុទ្ធនាការកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ កន្លងទៅ និងដូសទី៣ សម្រេចបាន ៧ ៨០៤ ២០៤ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមយប់ថ្ងៃម្សិលមិញ។

    ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេនរបស់បុគ្គល រួមជាមួយនឹងការរស់ជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ ជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។

    សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៦០ ០១៨ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩១១ ៤៨៨ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៦០% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។

    ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៨ ៧៨៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៦១ ៣៨៤ នាក់ ដែលស្មើនឹង ១០០.០៨% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

    ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៤១ ២៩០ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៥៨ ៤៥៨ នាក់ ដែលស្មើនឹង ១០៧.៥៨% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៧១ ៩០៤ នាក់ សម្រាប់ដូសទី១ និងចំនួន ២៦៩ ៦៩៥ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២២.២១%។

    ជាមួយគ្នានេះ ក្រុមកុមារដែលមានអាយុចាប់ពី ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ដែលចាប់បើកយុទ្ធនាការកាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ សម្រេចចាក់ដូសទី១ បានចំនួន ២៨៦ ២៦៨ នាក់ ដែលស្មើនឹង ៤៦.៨៧% នៃក្រុមគោលដៅសរុបប្រមាណ ៦០ម៉ឺននាក់ ហើយចំពោះការចាក់ដូសទី២ នឹងចាប់ផ្តើមបន្ទាប់ពីការចាក់ដូសទី១ បាន២៨ថ្ងៃ ឬ០៤សប្តាហ៍។

    ជាសរុបរួម ការងារចាក់វ៉ាក់សាំងនៅកម្ពុជា ទាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ជាស្ថិតិមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។

    សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤៤ ៧៥១ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក ហើយនឹងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖

    -វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ២៩ ៤២៤ ៨០០ ដូស។
    -វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។
    -វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៣ ៧៨៤ ៥០០ ដូស។
    -វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។
    -វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។
    -វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ ដូស។

    ដោយឡែកនៅចុងខែមីនានេះ កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥លានដូស ក្នុងចំណោយ ២០លានដូស រួមជាមួយវ៉ាក់សាំងដែលនឹងផ្តល់ដោយប្រទេសអ៊ីតាលី និងប្រទេសប៉ូឡូញ ដែលនឹងមកដល់ជាបន្តបន្ទាប់ផងដែរ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: