អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសច្រានចោលព័ត៌មានមិនពិត ដោយចោទប្រកាន់មកលើសមត្ថកិច្ចប្រើអំពើហិ.ង្សាលើក្រុមបាតុករអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយគណនីហ្វេស ប៊ុកផ្ទាល់របស់លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មាន ដល់សាធារណជនមេត្តាជ្រាបថា ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានមួយចំនួនតាមបណ្ដាញសង្គមដោយចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចបានប្រើអំពើហិង្សាលើក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏។

ដើម្បីចៀសវាងសាធារណជនមានការភាន់ច្រឡំតាមការផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋាន ត្រឹមត្រូវ និងច្បាស់លាស់ ក្នុងន័យមួលបង្កាច់ចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមនោះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការបញ្ជាក់ជូនថា កន្លងមកក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ នៅបន្តសន្សំចិត្តមកប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់តាមទីសាធារណៈដោយមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានជម្រាបជូនជាច្រើនលើកច្រើនសារ ជាពិសេសសេចក្តីជូនដំណឹងចុងក្រោយចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅបន្តធ្វេីការពន្យល់ណែនាំឱ្យបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ និងបានអញ្ជើញពួកគាត់ទៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើការសម្តែងមតិ ដោយមិនអនុញ្ញាតឱ្យធ្វើការប្រមូលផ្តុំខុសច្បាប់តាមទីសាធារណៈឡើយ។
អ្វីដែលគួរឱ្យកាន់តែសោកស្តាយនោះគឺ ជាមួយនឹងការអនុវត្តវិធានការរដ្ឋបាល វិធានការច្បាប់និងវិធានការអប់រំជាច្រើនលើកច្រើនសារពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីផ្តល់ឱកាសឱ្យក្រុមបាតុករធ្វើការពិចារណា និងភ្ញាក់រលឹក ក្រុមបាតុករទាំងនោះបែរជាកាន់តែបន្តបំពានធ្វើសកម្មភាពខុសច្បាប់ជាច្រើនលើកច្រើនសារបន្តបន្ទាប់ទៀតតាមការរៀបចំរបស់អ្នកដឹកនាំរឿង ដើម្បីកេងចំណេញ រូបភាពបម្រើមហិច្ឆតារបស់ក្រុមខ្លួន រហូតឈានដល់ការបង្កើតឈុតឆាកសម្តែងជាជនរងគ្រោះក្រោមរូបភាពផ្សេងៗ ខណៈពេលដែលអាជ្ញាធរមានសមត្ថកិច្ចអញ្ជើញពួកគាត់ឱ្យឡើងរថយន្តទៅធ្វើការសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ហើយបែរជាចោទប្រកាន់ថាអាជ្ញាធរមានសមត្ថកិច្ចប្រើអំពើហិង្សាលើខ្លួនទៅវិញ។
សូមអានសេចក្ដីប្រកាសព័ត៌មានលម្អិតរបស់អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖



