ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    យុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ សម្រេចបានជិត ៣០ម៉ឺននាក់ ខណៈការចាក់ដូសទី២ កំពុងចាប់ផ្តើម

    BY Khmernote Media March 24, 2022
    យុទ្ធនាការចាក់វ៉ាក់សាំងជូនក្រុមកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ សម្រេចបានជិត ៣០ម៉ឺននាក់ ខណៈការចាក់ដូសទី២ កំពុងចាប់ផ្តើម

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ដោយការងារចាក់វ៉ាក់សាំងជូនក្រុមកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែកុម្ភៈ សម្រេចបានជិត ៣០ម៉ឺននាក់ និងដូសទី២ សម្រេចបាន ៩ ៨៦១ នាក់ ស្មើនឹង៤៧.៧៤% នៃក្រុមគោលដៅសរុបប្រមាណ ៦១ម៉ឺននាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចេញផ្សាយនាយប់ម្សិលមិញនេះ។

    ជាមួយគ្នានេះ សម្រាប់ដូសជំរុញវិញ ក៏បាននិងកំពុងបន្ត និងបង្កើនល្បឿនផងដែរ ដោយសម្រេចចាក់បានចំនួន ៧ ៨៣៩ ៥៤៧ នាក់ សម្រាប់ដូសទី៣ និងចំនួន ១ ១៣៥ ៨៤៦ នាក់ សម្រាប់ដូសទី៤។

    ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជាយើងកំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន រួមជាមួយនឹងការរស់ជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ ជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។

    សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៦១ ៦៧៥ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩១៣ ៩៥៨ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៦២% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។

    ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៩ ០២៥ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៦២ ០៥០ នាក់ ដែលស្មើនឹង ១០០.០៩% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

    ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៤១ ៩៥៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៦០ ៦៩៣ នាក់ ដែលស្មើនឹង ១០៧.៦២% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៧៣ ០៦៤ នាក់ សម្រាប់ដូសទី១ និងចំនួន ២៧៣ ១៨៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២២.៥៩%។

    ជាសរុបរួម ប្រជាពលរដ្ឋចំនួន ១៤ ៧៩៧ ២៧០ នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្មើនឹង ៩២.៤៨% នៃប្រជាពលរដ្ឋសរុបទូទាំងប្រទេស ១៦លាននាក់។ ចំពោះការងារចាក់វ៉ាក់សាំងនៅកម្ពុជានេះ ទាំងដូសទី១ ដូសទី២ ដូសទី៣ និងដូសទី៤ ជាស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។

    សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤៤ ៧៥១ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក ហើយនឹងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖

    -វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ២៩ ៤២៤ ៨០០ ដូស។
    -វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។
    -វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៣ ៧៨៤ ៥០០ ដូស។
    -វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។
    -វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។
    -វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ ដូស។

    ដោយឡែកនៅចុងខែមីនា ឆ្នាំ២០២២នេះ កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥លានដូស ក្នុងចំណោម ២០លានដូស រួមជាមួយវ៉ាក់សាំងដែលនឹងផ្តល់ដោយប្រទេសអ៊ីតាលី និងប្រទេសប៉ូឡូញ ដែលនឹងមកដល់ជាបន្តបន្ទាប់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: