ក្រសួងវប្បធម៌ គម្រោងអភិរក្ស និងជួសជុលចម្លាក់ព្រះឥសូររាំ
យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា កាលពីថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ អាជ្ញាធរជាតិព្រះវិហារ នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ និងអ្នកជំនាញការ adhoc ICC-Preah Vihear បានចុះពិនិត្យដំណើរការជួសជុលចម្លាក់ព្រះឥសូររាំនៅក្នុងអភិរក្សដ្ឋានអង្គរដោយស្ថាប័នសាលាបារាំងចុងបូព៌ា។

ព្រះឥសូររាំនេះ ជាចម្លាក់ដែលមានទំហំធំជាងគេ ដែលមានកំពស់ជិត ៦ម៉ែត្រ មានទីតាំងដើមនៅក្នុងប្រាសាទក្រហម តំបន់កោះកេរ ហើយត្រូវបានខូតខាតជាបន្តបន្ទាប់តាំងពីចុងសម័យអង្គររហូតដល់បច្ចុប្បន្ន ដោយកត្តាធម្មជាតិ និងមនុស្ស។ បំណែករូបចម្លាក់នេះត្រូវបានធ្វើកំណាយនឹងប្រមូលយកមករក្សាទុកនៅក្នុងឃ្លាំងអភិរក្សដ្ឋានអង្គរ ដើម្បីជួសជុល។
ក្រោយពីបានពិនិត្យការបិទផ្គុំរូបចម្លាក់បានមួយចំនួនជាផ្នែកៗមក ស្ថាប័នខាងលើបានបើកការប្រជុំពិភាក្សាគ្នាតាមប្រព័ន្ធ zoom ជាមួយភាគីពាក់ព័ន្ធ អំពីវិធីសាស្ត្រនៃការផ្គុំតម្លើងបំណែកចម្លាក់ធំៗដែលបានបិទភ្ជាប់មួយចំនួនហើយ។ ការផ្គុំបំណែកចម្លាក់ឡើងវិញនេះ នឹងស្នើប្រើគ្រោងឆ្អឹងដែក ដើម្បីតភ្ជាប់បំណែកទាំងនោះ។ ក្រុមការងារនឹងចេញប្លង់ជួសជុលថ្មីដោយគិតគូរលម្អិតលើគ្រោងឆ្អឹងដែក និងគណនាទម្ងន់ថ្មដែលគ្រោងឆ្អឹងដែកអាចទ្របាន ហើយនឹងពិភាក្សាគ្នាបន្តទៀតមុនឈានដល់សម្រេចការជួសជុល ៕





