ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឥណ្ឌាចុះអនុស្សរណៈយោគយល់គ្នាជាមួយ អាជ្ញាធរជាតិសំបូរព្រៃគុកលើគម្រោង ជួសជុល ប្រាសាទគុក ឬប្រាសាទមហាឥសី

    BY Khmernote Media March 26, 2022
    ឥណ្ឌាចុះអនុស្សរណៈយោគយល់គ្នាជាមួយ អាជ្ញាធរជាតិសំបូរព្រៃគុកលើគម្រោង ជួសជុល ប្រាសាទគុក ឬប្រាសាទមហាឥសី

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិសំបូរព្រៃគុក បានឱ្យដឹងថា អាជ្ញាធរជាតិ នឹងសហការ​ជាមួយ​រដ្ឋាភិបាលនៃសាធារណរដ្ឋ ឥណ្ឌា ដើម្បីឈានទៅរកការជួសជុល និងសង្គ្រោះប្រាសាទ​គុក ឬប្រាសាទមហាឥសី (N17) ដែលកសាងឡើងពីថ្មភក់ដែលចាស់​ទ្រុឌទ្រោម ហើយ​កំពុងរងការខូចខាតនោះ ឱ្យរឹងមាំឡើងវិញ។

    ឯកឧត្តម ផាន់ ណាឌី អគ្គនាយកនៃអាជ្ញាធរជាតិសំបូរព្រៃគុក បានមានប្រសាសន៍​ក្នុងបទសម្ភាសន៍ បន្ទាប់ពីកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការ អន្តរជាតិសម្រប​សម្រួល​កិច្ច គាំពារនិង អភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ី ស៊ី-អង្គរ(ICC Angkor) នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះថា អាជ្ញាធរជាតិសំបូរព្រៃគុក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោកជំទាវបណ្ឌិត Devyani KHOBRAGADE ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា លើគម្រោងជួសជុល និង សង្គ្រោះប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលចាស់ទ្រុឌទ្រោម និងកំពុងរងការ​ខូចខាតឱ្យមាននិរន្តរភាពប្រសើរឡើងវិញ។

    ការចុះហត្ថលេខាលើអនុស្ស​រណៈ​​យោគយល់​គ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គលើកទី២៨ នៃគណៈកម្មាធិការ​អន្តរ​ជាតិ​សម្រប​សម្រួលកិច្ចគាំពារ អភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិអង្គរ (អាយ​ស៊ីស៊ី-អង្គរ) នៅ​សណ្ឋា​គារ សូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប ក្រោមអធិបតីភាព​របស់លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ។

    ឯកឧត្តម ផាន់ ណាឌី មានប្រសាសន៍បន្តថា លក្ខណៈនៃក្រុមប្រាសាទសំបូរ​ព្រៃគុក គឺប្រាសាទភាគច្រើនសង់ពីឥដ្ឋ តែការចុះអនុស្សរណៈជាមួយឥណ្ឌានៅពេលនេះ គឺផ្ដោតលើគម្រោងជួសជុលប្រាសាទគុក ឬប្រាសាទមហាឥសី (N17) ដែលសង់ពីថ្មភក់ ហើយប្រាសាទនេះ មានរចនាបទស្រដៀងគ្នាទៅនឹងប្រាសាទរបស់ឥណ្ឌាទើបធ្វើ ឱ្យ​ឥណ្ឌា​ចាប់អារម្មណ៍លើគម្រោងជួសជុលនោះ។

    សូមបញ្ជាក់ថា អាជ្ញាធរជាតិសំបូរព្រៃគុក បានចាប់ផ្ដើមការងារ តាំងពីដើម​ឆ្នាំ២០១៧ ដោយផ្តោតការយកចិត្តទុកដាក់ជំហានដំបូងលើ ២ចំណុច គឺទី១ ជួយអន្ត​រាគមន៍បន្ទាន់លើការជួសជុល ការថែទាំប្រាសាទបុរាណដែលជាប្រភេទប្រាសាទឥដ្ឋ មាន​វ័យ​ចំណាស់ជាងគេ តាំងពីសតវត្សរ៍ទី៧ គឺមុនសម័យអង្គរទៅទៀត ដែលកំពុងប្រឈម​នឹងការជ្រុះបាក់បែក។ ចំណុចទី២ គឺ យកចិត្តទុករៀបចំលំនៅឋាន និងសំណង់នានា​របស់ប្រជាពលរដ្ឋ កុំឱ្យមានការរីករាលដាលចូលទៅក្នុងតំបន់ការពារសំបូរព្រៃគុក ដែល​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: