យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ សម្រេចបានជាង ៩លាននាក់ហើយ
រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា បានគ្របដណ្តប់ពេញផ្ទៃប្រទេស ហើយបាននិងកំពុងបន្តនូវវឌ្ឍនភាពគួរជាទីមោទក ជាមួយគ្នានេះផងដែរ សម្រាប់ការងារចាក់ដូសជំរុញវិញ ក៏បាននិងកំពុងបន្ត និងបង្កើនល្បឿនផងដែរ ដោយសម្រេចចាក់បានចំនួន ៧ ៨៧៤ ៨៧៧ នាក់ សម្រាប់ដូសទី៣ និងចំនួន ១ ១៤២ ៤៤៦ នាក់ សម្រាប់ដូសទី៤។

ប៉ុន្តែបើទោះជាការងារចាក់វ៉ាក់សាំងនៅកម្ពុជា ទាំងដូសមូលដ្ឋាន ដូសជំរុញ កំពុងតែបង្ហាញនូវភាពជោគជ័យក្តី ការបន្តចូលរួមអនុវត្តនូវវិធានការ ០៣ការពារ-០៣កុំ ដោយយកចិត្តទុកដាក់បំផុត និងអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញ នៅពេលដល់វេន រួមជាមួយនឹងការរស់ជាធម្មតាតាមបែបគន្លងប្រក្រតីភាពថ្មី ដើម្បីចូលរួមទប់ស្កាត់វីរុសដ៏កាចសាហាវនេះ ក្នុងបរិបទដែលវីរុសបំប្លែងថ្មីអូមីក្រុងកំពុងតែរីករាលដាលនៅក្នុងសហគមន៍រស់នៅ នៅតែជាកត្តារួមផ្សំដែលមិនអាចខ្វះបាន។
សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះផងដែរ ក្រុមដែលមានអាយុ១៨ឆ្នាំឡើង សម្រេចចាក់បានចំនួន ១០ ២៦៣ ២៩៥ នាក់ សម្រាប់ដូសទី១ និងចំនួន ៩ ៩៩១ ៦២៦ នាក់ សម្រាប់ដូសទី២ ដែលស្មើនឹង ១០២.៦៣% នៃចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១០លាននាក់។
ចំពោះក្រុមកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨២៩ ២២៦ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៦២ ៧៣៣ នាក់ ដែលស្មើនឹង ១០០.១០% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០៤២ ៧៧២ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩៦៣ ៥០៨ នាក់ ដែលស្មើនឹង ១០៧.៦៦% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារអាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣៧៤ ១៦៨ នាក់ សម្រាប់ដូសទី១ និងចំនួន ២៧៨ ៦៧៥ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១២២.៩៥%។
ដោយជាសរុបរួម ប្រជាពលរដ្ឋចំនួន ១៤ ៨០៦ ១០៣ នាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្មើនឹង ៩២.៥៥% នៃប្រជាពលរដ្ឋសរុបទូទាំងប្រទេស ១៦លាននាក់ ហើយស្ថិតិនេះស្ថិតក្នុងកម្រិតមួយដ៏ខ្ពស់នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៤៤ ៧៥១ ៧៩០ ដូស រួចមកហើយ តាមរយៈយន្តការបញ្ជាទិញ យន្តការជំនួយទ្វេភាគី និងយន្តការកូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក ហើយនឹងយន្តការបញ្ជាទិញក្រោមមូលនិធិអាស៊ានឆ្លើយតបនឹងជំងឺកូវីដ-១៩ ដោយក្នុងនោះរួមមាន៖
-វ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) មានចំនួន ២៩ ៤២៤ ៨០០ ដូស។
-វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) មានចំនួន ៧ ៨០០ ០០០ ដូស។
-វ៉ាក់សាំង អាស្ត្រាហ្សេនេកា (AstraZeneca) មានចំនួន ៣ ៧៨៤ ៥០០ ដូស។
-វ៉ាក់សាំង ចនសុនអេនចនសុន (Jonhson&Johnson) ចំនួន ១ ០៦៤ ៦០០ ដូស។
-វ៉ាក់សាំង ម៉ូដឺនណា (Moderna) ចំនួន ១៨៨ ១៦០ ដូស។
-វ៉ាក់សាំង ហ្វាយហ្សឺ (Pfizer) ចំនួន ២ ៤៨៩ ៧៣០ ដូស។
ដោយឡែកនៅចុងខែមីនា ឆ្នាំ២០២២នេះ កម្ពុជាក៏នឹងទទួលបានវ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ៥លានដូស ក្នុងចំណោម ២០លានដូស រួមជាមួយវ៉ាក់សាំងដែលនឹងផ្តល់ដោយប្រទេសអ៊ីតាលី និងប្រទេសប៉ូឡូញ ដែលនឹងមកដល់ជាបន្តបន្ទាប់៕

ប្រភព៖ ក្រសួងព័ត៌មាន