ព័ត៌មានជាតិ

ការបន្ទូរពន្ធនាំចូលរថយន្តដើរដោយអគ្គិសនី នឹងជួយលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែច្រើន

BY
Khmernote Media
March 28, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ការបន្ទូរពន្ធនាំចូលរថយន្តដើរដោយអគ្គិសនី នឹងជួយលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែច្រើនដើម្បីកាត់ បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្ត។

ថ្លែងក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី នៅថ្ងៃទី២៦ ខែមីនា នាទីស្តីការក្រសួង ឯកឧត្តម ទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការតាំងពិព័រណ៍ យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនីនេះ នឹងជួយជំរុញឱ្យយើងទាំងអស់គ្នាកាន់តែយល់ដឹង និង យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការចូលរួមអភិវឌ្ឍនិងលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជា ពិភពលោក ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីវិស័យយានយន្ត។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្ននេះ ការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចេញពីយានយន្ត គឺជាកត្តាដ៏ចម្បងមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ (GHG) ដែលបណ្តាលឱ្យមានការឡើងកម្ដៅផែនដី ការប្រែប្រួលអាកាសធាតុ ការធ្លាក់ចុះនូវគុណភាពខ្យល់ និងការបំពុលបរិស្ថានពិភពលោកទាំងមូល។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តថា ឆ្លើយតបទៅនឹងបញ្ហាការ ប្រែប្រួលអាកាសធាតុ ប្រទេសនានានៅក្នុងពិភពលោក និងតំបន់បានបង្វែរការយកចិត្តទុកដាក់ ទៅលើការប្រើប្រាស់យាន យន្តអគ្គិសនី ដែលមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងសាធារណការ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា បាននិងកំពុងធ្វើការងារមួយចំនួន ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍ និងការលើកកម្ពស់ការប្រើប្រាស់យានយន្តអគ្គិសនី ដូចជា ការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីអភិវឌ្ឍន៍វិស័យដឹកជញ្ជូនផ្លូវគោកដែលមានបញ្ចូលនូវចំណុចស្ដីពី ការលើកទឹកចិត្តដល់ការប្រើប្រាស់យានយន្តអគ្គិសនី ការលើកទឹកចិត្តឱ្យមានការបង្គុំដំឡើង និងការផលិតយានយន្តអគ្គិសនីនៅកម្ពុជា ការចងក្រងឯកសារគតិយុត្ត ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍យានយន្តអគ្គិសនី ការកំណត់យកបទដ្ឋានបច្ចេកទេស និងការរៀបចំផែនទីបង្ហាញផ្លូវក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាដើម។

« រថយន្ត ម៉ូតូ ដើរដោយអគ្គិសនី ដើម្បីជួយកាត់បន្ថយការបំពុលបរិយាកាសរបស់យើង តាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០៥០ ធ្វើយ៉ាងណាកុំឱ្យមានចេញជាតិ ពុលក្នុងបរិស្ថាន ដូច្នេះថ្ងៃនេះ ក៏ជាជំហានទី១ ក្នុងការឈានទៅរកការកាត់បន្ថយ ការបញ្ចេញ CO2 ទៅក្នុងបរិស្ថានរបស់យើង។ ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុតាមរយៈពន្ធដារនិងគយ ក៏បានកាត់បន្ថយ អត្រាពន្ធនាំចូលរថយន្តប្រើដោយអគ្គិសនី ជាមធ្យមរថយន្តធម្មតាពន្ធប្រហែលជា១២២ភាគរយ ប៉ុន្តែរថយន្តប្រើអគ្គិសនី ពន្ធគឺ៦៣ភាគរយ ដូច្នេះកាត់បន្ថយ ៥០ ភាគរយ។ ខ្ញុំមិនដែលបានដឹងដែរ អំពីអត្រាពន្ធនេះ រហូតដល់ពេលខ្ញុំបានចូលរួមកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីពិភាក្សាគ្នាអំពីយុទ្ធសាស្រ្តEV ទើបខ្ញុំធ្វើការស្រាវជ្រាវឃើញថា មានការកាត់បន្ថយពន្ធ »។

សូមបញ្ជាក់ថា យោងតាមប្រព័ន្ធគ្រប់គ្រងការចុះបញ្ជីយានយន្តរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ចំនួនយានយន្តអគ្គិសនីដែលបានចុះបញ្ជីមានចំនួនតែ០២ គ្រឿងប៉ុណ្ណោះនៅក្នុងឆ្នាំ២០២០ និងចំនួន៦២គ្រឿង នៅឆ្នាំ២០២១ ហើយនៅក្នុងរយៈពេលតែ៣ខែប៉ុណ្ណោះគឺពីខែមករាដល់ខែមីនា ឆ្នាំ២០២២នេះ ការចុះបញ្ជីយានយន្តអគ្គិសនីមានរហូតដល់៤៧ គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួនតែ០៧គ្រឿងប៉ុណ្ណោះ(កំណើនស្មើនឹង ៦៧១ ភាគរយ)ដែលនេះគឺជាកំណើន នៃការប្រើប្រាស់យានយន្តអគ្គិសនី គួរឱ្យកត់សម្គាល់៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: