ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក តាមព្រំដែនកម្ពុជា-ថៃ មានប្រមាណជាង១ពាន់នាក់

    BY Khmernote Media March 28, 2022
    សម្តេចតេជោ ហ៊ុន សែន លើកឡើងថា អ្នកកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក តាមព្រំដែនកម្ពុជា-ថៃ មានប្រមាណជាង១ពាន់នាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលធ្វើដំណើរត្រឡប់មកពីប្រទេសថៃ មានជាង ១ ០០០ នាក់ គឺបាននិងកំពុងធ្វើចត្តាឡីស័ក នៅតាមព្រំដែនកម្ពុជា-ថៃ។

    ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងប្រទេសជិតខាងកម្ពុជាអត្រាអ្នកឆ្លងជំងឺកូវីដ១៩មានចំនួនកើនឡើង ជាក់ស្តែងនៅក្នុងប្រទេសថៃ មានអ្នកឆ្លងចំនួនរហូតដល់៣ម៉ឺននាក់ក្នុងមួយថ្ងៃក្នុងពេលកម្ពុជាកំពុងធ្លាក់ចុះអ្នកឆ្លងជំងឺនេះ។

    សម្ដេចតេជោគូសបញ្ជាក់ថា “យើងកំពុងធ្វើការគ្រប់គ្រងយ៉ាងហ្មត់ចត់នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ហើយអ្នកដែលមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់ដែលធ្វើដំណើរពីប្រទេសថៃមក យើងត្រូវឱ្យពួកគាត់ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលមកដល់មកពេលនេះនៅសល់ប្រមាណជាង ១ ០០០ នាក់ នៅ ក្នុងមណ្ឌលចត្តាឡីស័កនានានៅព្រំដែនកម្ពុជា-ថៃ”។ សម្តេចតេជោបានលើកឡើងថា ចំពោះអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែននេះដែរមានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីម្នាក់បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះករណីអ្នកធ្វើចត្តាឡីស័កនៅតាមព្រំដែនកម្ពុជា-ថៃ ដោយផ្ញើមកសម្តេចផ្ទាល់ផងដែរ។

    ជាមួយនោះដែរ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដថា ចំពោះអ្នកដែលមកពីក្រៅ ប្រទេសទាំងឡាយដែលមកតាមព្រលានយន្តហោះគឺសម្តេចបានអនុញ្ញាតឱ្យលើកលែងទាំងការធ្វើចត្តាឡីស័ក ការធ្វើតេស្ត ការតម្រូវវិញ្ញាប័ណ្ណបត្រ៧២ម៉ោង ក៏លែងត្រូវការដែរ។ អីចឹងពេលមកដល់ការសុំវីសាក៏មិនចាំសុំកន្លែងណាទេ គឺផ្តល់ឱ្យតែម្តង។ សម្តេចតេជោ បានបន្ថែមថា ការធ្វើបែបនេះដើម្បីសម្រួលដល់អ្នកធុរកិច្ច អ្នកការទូត អ្នកទេសចរ មកកម្ពុជា។

    តែទោះបីយ៉ាងណាក្ដី សម្ដេចតេជោបានអះអាងថា “យើងមិនអាចមើលស្រាលចំពោះអ្វីដែលបានកំពុងកើតនៅក្នុងប្រទេសរបស់យើងនោះទេ។ យើងធូរស្រាលក៏ប៉ុន្ដែយើងនៅតែប្រឹងប្រែងតាមដានពិនិត្យបញ្ហានេះ និងតាមដានបញ្ហានេះឱ្យជាប់”៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: