រកឃើញទំនិញចម្រុះខូចគុណភាព ហួសឌឺឡេ ជាង៦០០គីឡូ និងស្រាសមានលាយសារធាតុមេតាណុល ជាង៣ពាន់លីត្រ ត្រូវបានដកហូត និងបំផ្លាញចោល
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា សាខា ក.ប.ប. រាជធានីភ្នំពេញ ជាពិសេសខេត្តតាកែវ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទំនិញម្ហូបអាហារ វេចខ្ចប់ស្រាប់ ភេសជ្ជៈ និងផលិតផលប្រើប្រាស់មិនមែនម្ហូបអាហារនានា នៅតាមផ្ទះលក់ទំនិញ ផ្សារ និងម៉ាត នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដោយមានការសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តផងដែរ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញ បានរកឃើញ ក៏ដូចជាដកហូតនូវទំនិញមិនប្រក្រតី ហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះ សរុបចំនួន ៧.៥គីឡូក្រាម។
យ៉ាងណាមិញ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោកូនក្មេង ក្រែងមានការដាក់តាំងលក់ ដោយមិនអនុលោមតាមអនុក្រឹត្យលេខ១៣៣ «ស្តីពីការលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ» ដែលអាចប៉ះពាល់ដល់សុខភាពទារក។
ជាលទ្ធផលមន្ត្រីជំនាញពុំបានរកឃើញភាពមិនអនុលោមលើផលិតផលម្សៅទឹកដោះគោនោះទេ។ នៅក្នុងថ្ងៃដដែល ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មន្ត្រីសាខា ក.ប.ប. រាជធានីភ្នំពេញបានចូលរួមក្នុងប្រតិបត្តិការត្រួតពិនិត្យទំនិញជាប្រភេទសាច់បង្កក នៅក្នុងឃ្លាំង និងមធ្យោបាយដឹកជញ្ជូន ដែលពុំមានភាពអនុលោមតាមបទដ្ឋានគតិយុត្ត ដោយបានធ្វើការឃាត់ទុក និងផ្អាកសកម្មភាពអាជីវកម្មបណ្តោះអាសន្ន។
លើសពីនេះទៅទៀត មន្ត្រីយើងបាននាំយកផលិតផលម្ហូបអាហារ ភេសជ្ជៈ ខូចគុណភាព ហួសកាលបរិច្ឆេទ រំលោភបំពានសិទ្ធិផ្តាច់មុខ និងស្រាស(មានលាយសារធាតុមេតាណុល) ដែលបានដកហូតពីទីផ្សារនានា ទៅធ្វើការបំផ្លាញចោល សរុបចំនួន ៦១០គីឡូក្រាម និង ៣,៥៤០លីត្រ ៕














ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF