ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់លោក គង់ វិបុល និងមន្ត្រីពន្ធដារទាំងអស់ ដែលខិតខំប្រមូលពន្ធជូនរដ្ឋ លើសផែនការជាង ៥៣៨លានដុល្លារ

    BY Khmernote Media March 30, 2022
    សម្តេចតេជោ ហ៊ុន សែន កោតសរសើរដល់លោក គង់ វិបុល និងមន្ត្រីពន្ធដារទាំងអស់ ដែលខិតខំប្រមូលពន្ធជូនរដ្ឋ លើសផែនការជាង ៥៣៨លានដុល្លារ

    រាជធានីភ្នំពេញ៖ យោងតាមរយៈសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានពន្ធដារ ដែលបានប្រឹងប្រែងបំពេញការងាររបស់ខ្លួនយ៉ាងសកម្មដោយជោគជ័យលើការប្រមូលចំណូលពន្ធផ្ទៃក្នុងជូនរដ្ឋលើសផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ចំនួន១២៤.០២ភាគរយ នៃផែនការប្រចាំឆ្នាំ។ ការសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្រ្តនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានលើសផែនការរហូតដល់ ២៤.០២ភាគរយ ស្មើនឹង ២ ១៨២.៣៧ ប៊ីលានរៀល ប្រមាណជា ៥៣៨.៨៥ លានដុល្លារ។

    សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា «សមិទ្ធផលដ៏ប្រពៃនេះ គឺផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាព នៃការដឹកនាំប្រកាន់យកនូវគោលការណ៍ អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់ ប្រកបដោយឆន្ទៈមោះមុត និងស្មារតីបុរេសកម្មរបស់ឯកឧត្តម (គង់ វិបុល) ក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ។ ពិតណាស់ ចំណូលពន្ធដារផ្ទៃក្នុងដែលអគ្គនាយកដ្ឋានពន្ធដារបានប្រមូលលើសផែនការខាងលើ ពិតជាឆ្លុះបញ្ចាំងពីភាពខ្លាំងក្លានៃសេដ្ឋកិច្ចជាតិ បើទោះជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកដែលកម្ពុជា បាននិងកំពុងជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ព្រមទាំងសបញ្ជាក់យ៉ាងច្បាស់ ពីភាពរឹងមាំនៃឯករាជ្យភាពនិងអធិបតេយ្យភាពជាតិរបស់កម្ពុជា។ ជាមួយគ្នានេះ ខ្ញុំសូមគាំទ្រចំពោះវិធានការនានា ដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការប្រមូលចំណូលពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់»។

    សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ សូមឯកឧត្តម និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្តការខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ដើម្បីសម្រេចបានជោគជ័យ ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធដារផ្ទៃក្នុងជូនរដ្ឋសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត ៕

    Share This Post: