ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កូរ៉េខាងត្បូង នឹងជួយសាងសង់អគារថ្មី កម្ពស់៥ជាន់ តម្លៃ១៦លានដុល្លារ នៅកម្ពុជាបន្ថែមទៀត

    BY Khmernote Media March 30, 2022
    កូរ៉េខាងត្បូង នឹងជួយសាងសង់អគារថ្មី កម្ពស់៥ជាន់ តម្លៃ១៦លានដុល្លារ នៅកម្ពុជាបន្ថែមទៀត

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) គ្រោងនឹងសាងសង់អគារមន្ទីរពេទ្យថ្មីមួយដែលមានកម្ពស់៥ជាន់ នៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់កុមារឱ្យកាន់តែប្រសើរឡើងថែមទៀត។

    លោកសាស្ត្រាចារ្យ បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាតាមទូរស័ព្ទថា អគារមន្ទីរពេទ្យថ្មីនេះ មានទំហំជាង ៨.៣០០ម៉ែត្រការ៉េ កម្ពស់៥ជាន់ និងគ្រោងចំណាយថវិកាប្រមាណ ១៦លានដុល្លារអាមេរិក ដែលជាការចំណាយដ៏ធំជាងគេបំផុតនៅកម្ពុជា តាំងពីប្រទេសកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកូរ៉េ។

    លោកនាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍បញ្ជាក់ថា “គម្រោងនេះនឹងអនុវត្តនៅដើមឆ្នាំ២០២៣ ដោយការសាងសង់នឹងប្រើរយៈពេល៣ឆ្នាំ”។

    លោកសាស្ត្រាចារ្យបានបន្តថា អគារថ្មីនេះ នឹងមានផ្នែកពិគ្រោះជំងឺក្រៅតាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗសម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះ បំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះ ពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះ ទងសួត និងជំងឺអូទីសឹម ជាដើម ដោយអគារទាំងមូលអាចដាក់គ្រែបានចំនួន ១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗផងដែរ។

    គម្រោងនេះនឹងក្លាយជា អគារទី២ដែលរដ្ឋាភិបាលកូរ៉េជួយសាងសង់ដល់មន្ទីរពេទ្យកុមារជាតិ ខណៈអគារទី១ដែលមានកម្ពស់៣ជាន់ ត្រូវបានសាងសង់រួចរាល់ និងដាក់ឱ្យដំណើរការរួចហើយដែរ។

    មកដល់ពេលនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ បានជួយសាងសង់អគារមន្ទីរពេទ្យនៅកម្ពុជាជាបន្តបន្ទាប់ ដោយនៅក្នុងនោះ មានអគារមណ្ឌលសុខភាព នៅខេត្តរតនគិរី និង មណ្ឌលគិរី ហើយថ្មីៗនេះ គឺទើបតែសម្ពោធអគារ ជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដែលមានតម្លៃ ៨ លានដុល្លារអាមេរិក៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: