ឃាត់ខ្លួនស្ត្រីវៀតណាមម្នាក់ និងបុរសខ្មែរម្នាក់ ជាអ្នកទិញត្រីឆក់ នៅក្រុងកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនទៅតុលាការ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ លោកបណ្ឌិត សុខ ទូច បានឲ្យដឹងថា នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ វេលាម៉ោង០២:៣០នាទីរសៀល នគរបាលក្រុងកំពង់ឆ្នាំង បានប្រគល់ជនសង្ស័យទិញត្រីឆក់ និងលក់អាំងវ៉ិចទ័រ ទៅឱ្យរដ្ឌបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នូវឈ្មោះ ចាំង ធីហឿង ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម នៅភូមិចុងកោះ ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្នុងថ្ងៃដដែលនេះ វេលាម៉ោង០៤:៥០នាទីរសៀល នគរបាលស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក៏បានប្រគល់ជនសង្ស័យទិញត្រីឆក់ ទៅឱ្យរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នូវឈ្មោះ កែវ បូរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិស្លត ឃុំផ្លវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ។
យើងត្រូវធ្វើការបង្ក្រាបបញ្ចប់ដល់ឫសគល់ បើអ្នកនៅតែមិនបញ្ឈប់សកម្មភាពល្មើសច្បាប់ទាំងនេះទេ អាជ្ញាធរមានសមត្ថកិច្ចនឹងនៅតែបន្តចាត់វិធានការទៅតាមនីតិវិធីច្បាប់រហូតដល់បញ្ចប់ទាំងស្រុងនូវបទល្មើសនេសាទ និងការបំផ្លាញធនធានធម្មជាតិក្នុងតំបន់បឹងទន្លេសាប៕
