ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ ពន្លឿនការលើកម្រិត ដល់អតីតយុទ្ធជន និងមន្រ្ដីរាជការដែលមានប្រាក់សោធននិវត្តន៍ទាប

    BY Khmernote Media March 31, 2022
    សម្ដេចតេជោ ហ៊ុន សែន ចេញបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ ពន្លឿនការលើកម្រិត ដល់អតីតយុទ្ធជន និងមន្រ្ដីរាជការដែលមានប្រាក់សោធននិវត្តន៍ទាប

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ ពន្លឿនការលើកម្រិតអ្នកដែលមានប្រាក់សោធននិវត្តន៍ទាបសម្រាប់អតីតយុទ្ធជន និងមន្ត្រីរាជការដែលចូលនិវត្តន៍មុនៗ ដើម្បីដោះស្រាយអំពី វិសមភាព នៃប្រាក់ចូលនិវត្តន៍ ដោយពន្លឿនត្រឹមតែរយៈពេល២ ឬ៣ឆ្នាំ គឺកំណត់គោល ដៅនេះតែម្ដង។

    ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ នៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៅកាន់អ្នកសោធននិវត្តន៍ទាំងអស់ ទាំងស៊ីវិល និងកងទ័ព ដែលបានចូលនិវត្តន៍នាពេលកន្លងទៅ គឺយើងបានយកចិត្តទុកដាក់ ដើម្បីដំឡើងប្រាក់បៀវត្សរ៍ចូលនិវត្តន៍ជាបន្តបន្ទាប់ ដែលក្នុងមួយឆ្នាំ យើងបានដាក់ក្នុងគម្រោងសម្រាប់ការដំឡើងប្រាក់សោធននិវត្តន៍ចំនួន ៣០ពាន់លានរៀល។ សម្ដេចតេជោគូសបញ្ជាក់ថា “ឥឡូវខ្ញុំសុំចេញបញ្ជាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ ពន្លឿននៃការលើ កម្រិតអ្នកដែលមានប្រាក់សោធននិវត្តន៍ទាប ឱ្យកើនបានខ្ពស់បន្តិច ដោយពន្លឿន ត្រឹមតែ រយៈពេល២ ឬ៣ឆ្នាំ គឺកំណត់គោលដៅនេះតែម្ដង”។

    សម្ដេចតេជោបានថ្លែងថា ពិតមែនហើយ ពីរឆ្នាំកន្លងទៅនេះ យើងអត់បានដំឡើងបៀវត្សរ៍ឱ្យមន្ត្រីរាជការនោះទេ ដោយសារយើងមានតម្រូវការទប់ទល់ជាមួយនិងជំងឺកូវីដ១៩។ ប៉ុន្តែសម្រាប់អតីតយុទ្ធជន និងមន្ត្រីរាជការដែលចូលនិវត្តន៍នាពេលមុនៗ គប្បីត្រូវយកចិត្តទុកដាក់លើកទឹកចិត្តជំរុញការដំឡើងបៀវត្សរ៍បន្ថែមឱ្យអ្នកទាំងនោះ។ សម្ដេចតេជោបានលើកឡើងថា ព្រោះវាខ្វះវិសមភាពដែរ សម្រាប់ប្រាក់សោធននិវត្តន៍ ដោយសារសម្រាប់អ្នកចូលនិវត្តន៍ពេលក្រោយនេះ បើប្រាក់បៀវត្សរ៍មានចំនួនជាង១លានរៀល ដល់ពេលចូលនិវត្តន៍នៅសល់៨០ម៉ឺន។ ឯអ្នកប្រាក់ខែគោលកាលពីមុនមានចំនួន ៥០ម៉ឺន ដល់ពេលចូលនិវត្តន៍នៅសល់តែ៣០ម៉ឺន អីចឹង ត្រូវខិតខំតម្លើងប្រាក់អ្នកទាំងហ្នឹង។ ដូច្នេះស្នើឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំការងារ ពិនិត្យ និងដោះស្រាយបញ្ហានេះ ដោយរៀបចំបង្កើនថវិកា។

    សម្ដេចតេជោនាយករដ្ឋមន្ត្រីបានអះអាងថា “ខ្ញុំគិតថា វាមិនចាំបាច់ធ្វើការកែតម្រូវថវិកាជាតិសម្រាប់អ្នកទាំងនេះទេ ព្រោះថាចំនួនអ្នកចូលនិវត្តន៍នាពេលមុនក៏មិនច្រើនពេកដែរ ព្រោះយើងត្រូវជ្រើសរើស ឧទាហរណ៍ថា អ្នកដែលចូលនិវត្តន៍ប្រាក់បៀវត្សរ៍គោលត្រឹម៥០ម៉ឺន បើអីចឹងត្រូវឱ្យឡើងប៉ុន្មាន ឧទាហរណ៍ថាឱ្យឡើង៣០ភាគរយដល់អ្នកប្រាក់បៀវត្សរ៍គោល៦០ម៉ឺន ឱ្យឡើងត្រឹម២៨ភាគរយ អ្នកប្រាក់គោល៧០ម៉ឺនឱ្យឡើងចំនួន២៥ភាគរយ។ ដូច្នេះយកវិធីសាស្ត្រមួយដោះស្រាយ ដើម្បីធ្វើយ៉ាងណា រុញប្រាក់សោធននិត្តន៍នេះឱ្យខិតជិតគ្នា”។ សម្ដេចតេជោបានបន្ដថា ចំពោះអ្នកដែលមានប្រាក់ចូលនិវត្តន៍ចំនួន ១លានរៀលហើយ យើងទុកសិន យើងដោះស្រាយសម្រាប់អ្នកដែលចូមនិវត្តន៍ មានប្រាក់បៀវត្សរ៍ត្រឹមក្រោម១លានរៀល ដើម្បីរុញឱ្យវាទៅកៀកគ្នារវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ។

    សម្ដេចតេជោគូសបញ្ជាក់ថា “ថ្ងៃនេះ ខ្ញុំចេញសារមួយជម្រាបជូនអ្នកសោធននិវត្តន៍ទាំងអស់ ទាំងស៊ីវិល និងកងទ័ព ដែលបានចូលនិវត្តន៍នាពេលកន្លងទៅ ថាខ្ញុំបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបង្កើនល្បឿននៃការដោះស្រាយបញ្ហានេះ ដើម្បីដោះស្រាយអំពីវិសមភាពនៃប្រាក់ចូលនិវត្តន៍។ នេះជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយមួយសម្រាប់នៃការគិតគូរអ្នកដែលមានប្រាក់ចូលនិវត្តបៀវត្សរ៍ទាប”៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: