អាជ្ញាធរជាតិអប្សរា ប្រកាសបិទជាបណ្ដោះអាសន្នច្រកចូលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទជាបណ្ដោះអាសន្នច្រកចូលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្ដី។

អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដីមន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់មេត្តាជ្រាបថា៖
បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបាននឹងកំពុងដំណើរការជួសជុលខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្ដី ។ ក្នុងន័យដើម្បីឲ្យដំណើរការ ការជួសជុលប្រព្រឹត្តទៅដោយភាពរលូន ក៏ដូចជាដើម្បីបង្ការនូវគ្រោះថ្នាក់ជាយថាហេតុនានាដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្ដោះអាសន្ននូវច្រកចូលខ្លោងទ្វារខាងលិចនៃប្រាសាទបន្ទាយក្ដី គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ខ្លោងទ្វារខាងលិចត្រូវបានជួសជុលរួចរាល់ជាស្ថាពរ។ ក្នុងអំឡុងពេលនៃដំណើរការជួសជុលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនអាចទស្សនាប្រាសាទបន្ទាយក្ដី តាមរយៈច្រកខ្លោងទ្វារខាងកើត។
សេចក្ដីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕
