ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិសោធនកម្ម មាត្រាទី១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌច្រើនជាងមុន

    BY Khmernote Media April 1, 2022
    វិសោធនកម្ម មាត្រាទី១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹងបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌច្រើនជាងមុន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីបានធ្វើការអនុម័តនិងយល់ព្រមរួចហើយ ទៅលើវិសោធនកម្ម មាត្រាទី១៤០ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅក្នុងសម័យប្រជុំពេញអង្គរបស់ខ្លួននាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលវិសោធនកម្ម មាត្រាទី១៤០ថ្មីនៃច្បាប់នេះ នឹងបង្កើនចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្រើនជាងមុន។

    បើតាមផេកផ្លូវការរបស់ឯកឧត្ដម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្តក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ខែឧសភា ឆ្នាំ២០០៨ ហើយមាត្រា ១៤០ថ្មីដែលបាធ្វើវិសោធនកម្មរួហើយនោះ មានខ្លឹមសារថា គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន១១(ដប់មួយ)រូប។ គណៈអភិបាលខេត្តមានចំនួនពី៧(ប្រាំពីរ)រូប ទៅ១១(ដប់មួយ)រូប។

    គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី៥(ប្រាំ)រូប ទៅ៧(ប្រាំពីរ)រូប។ ចំនួនជាក់ស្តែងនៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាប្រព័ន្ធគ្រប់គ្រងរដ្ឋបាលបែបទំនើបនៅរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ តាមគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតជាសំខាន់ទៅលើការលើកកម្ពស់អភិបាលនិងការអភិវឌ្ឍមូលដ្ឋានដោយមានការចូលរួមពីប្រជាពលរដ្ឋដែលជាមូលដ្ឋានគ្រឹះ យ៉ាងសំខាន់ក្នុងដំណើរការប្រជាធិបតេយ្យមូលដ្ឋាននិងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងសមធម៌សង្គម។

    ច្បាប់នេះក៏បានកំណត់ឱ្យមានប្រព័ន្ធអភិបាលកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានតួអង្គពីរសំខាន់ដែលតួអង្គទី១គឺក្រុមប្រឹក្សាដែលត្រូវបានបង្កើតឡើងតាមការបោះឆ្នោត ដើម្បីធ្វើជាតំណាងឱ្យសំឡេងនិងផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ និងតួអង្គទី២គឺគណៈអភិបាលដែលត្រូវបានតែងតាំងដោយថ្នាក់ជាតិ ឱ្យទៅបម្រើការងារជាមួយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីចាត់ចែងអនុវត្តការងារប្រចាំថ្ងៃ។

    ក្នុងរយៈពេលប្រមាណ១៤ឆ្នាំ នៃការអនុវត្តច្បាប់រៀបចំអង្គការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនមានជា អាទិ៍ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាចនិងការចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើតឡើងនូវរចនាសម្ព័ន្ធនិងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាល ថ្នាក់ក្រោមជាតិការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការផ្ទេរមុខងារក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានការផ្ទេរបុគ្គលិក និងការកសាងសមត្ថភាពដល់បុគ្គលិករដ្ឋបាលថ្នាក់ក្រោម ជាតិការរៀបចំប្រព័ន្ធផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

    ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើនេះនិងដោយផ្អែកលើបរិបទជាក់ស្តែងនៃស្ថិរភាពនយោបាយការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងស្របពេលដែលកំណែទម្រង់វិមជ្ឈការនិង វិសហមជ្ឈការត្រូវបានពង្រឹងពង្រីកកាន់តែស៊ីជម្រៅ ពិសេសការផ្ទេរសិទ្ធិអំណាចមុខងារ និងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិដូចបានកំណត់ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០២១-២០៣០) ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងគុណភាពនៃជីវិតរបស់ប្រជា ពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀតនោះ ការពង្រឹងស្ថាប័ននិងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិពិតជាមានសារៈសំខាន់ ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ កាន់ តែមានថាមភាព និងសក្ដានុពលក្នុងការរួមចំណែកសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ខាងមុខ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: