ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍ តម្រូវឱ្យប្រើប្រាស់ឈ្មោះដែនជាតិ .com.kh និងការផ្តល់អាសយដ្ឋានអេឡិចត្រូនិក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការតម្រូវឱ្យប្រើប្រាស់ឈ្មោះដែនជាតិ .com.kh និងការផ្តល់អាសយដ្ឋានអេឡិចត្រូនិកឈ្មោះដែនជាតិនៅពេលក្រោយប្រកាសប្រតិវេទន៍ប្រចាំឆ្នាំ។

ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាប្រធានក្រុមហ៊ុងទាំងអស់ឲ្យបានជ្រាបថា អនុលោមតាមមាត្រា៧ នៃច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម អំពីការធ្វើប្រតិវេទន៍ប្រចាំឆ្នាំ និងមាត្រា៧ នៃអនុក្រឹត្យលេខ ២៨៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណេត បានកំណត់ឲ្យក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh ហើយត្រូវផ្ដល់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh នេះនៅពេលធ្វើប្រតិវេទន៍ប្រចាំឆ្នាំ ទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម។
ក្នុងន័យនេះ សូមក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្ម ហើយពុំទាន់បានប្រើប្រាស់អាសយដ្ឋានអេឡិចត្រូនិកដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh នៅឡើយ ត្រូវប្រញាប់រួសរាន់មកចុះឈ្មោះស្នើសុំប្រើប្រាស់ឈ្មោះដែនជាតិកម្រតិទី២ ប្រភេទ .com.kh នៅនិយ័តករទូរគមន៍កម្ពុជា ដែលមានអាសយដ្ឋានវិថីលេខ ១០២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឬតាមរយៈអ៊ីមែល info@trc.gov.kh ឬទូរស័ព្ទលេខ ៦៧៨៩ នៅរៀងរាល់ម៉ោងនិងថ្ងៃធ្វើការ។
ទន្ទឹមនឹងនេះ ចំពោះក្រុមហ៊ុនដែលត្រូវប្រកាសប្រតិវេទន៍ប្រចាំឆ្នាំទាក់ទងនឹងស្ថានភាពរបស់ក្រុមហ៊ុននៅក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣តទៅ ត្រូវផ្ដល់អាសយដ្ឋានអេឡិចត្រូនិច ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh នៅពេលក្រោយប្រកាសប្រតិវេទន៍ប្រចាំឆ្នាំ។ សម្រាប់ព័ត៌មានពាក់ព័ន្ធក្រសួងពាណិជ្ជកម្ម សូមទាក់ទងទូរសព្ទលេខ ០៩២ ៥៦៩ ៧៧៦ ឬ ០៩២ ៨៨៦ ៦៨៨ ឬតាមរយៈអ៊ីមែល ecommercelicensing@moc.gov.kh ៕

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications