សមត្ថកិច្ចកំពុងស្រាវជ្រាវរកបុគ្គលម្នាក់នេះ ដែលបើកឡានល្មើសច្បាប់ ហើយបើកបុកមន្ត្រីអនុវត្តច្បាប់ឱ្យរបួសដៃ រួចរត់គេច និងបង្ហោះពាក្យសំដីបែបនេះលើហ្វេសប៊ុកទៀត
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីមានគណនីហ្វេសបុកមួយឈ្មោះ Pheach Sopheak បានសរសេរថា «ហួសចិត្តប៉ូលិសចរាចរណ៍វាយកញ្ចក់ឡានខ្ញុំ»។

តាមពិតជាក់ស្តែង បុគ្គលម្នាក់នោះមិនត្រឹមតែបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុបក្រហម) ថែមទាំងមិនស្តាប់តាមការបញ្ជារបស់មន្ត្រី ដែលកំពុងជួយសម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះ តែបុគ្គលម្នាក់នេះបែរជាមិនព្រមឈប់ ហើយបើកបរបន្ថែមល្បឿនដោយបានបុកសមត្ថកិច្ចចរាចរណ៍ ដែលកំពុងឈរសម្រួលចរាចរណ៍នៅគោលដៅ ២០០៤ ណតប្រ៊ិដ នារសៀលម៉ោង ១៦ និង២០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បង្កអោយមន្ត្រីរងរបួសត្រង់ដៃទៀតផង។
ជនបង្កនេះបើកបរល្មើសច្បាប់ មិនឈប់តាមការបញ្ជារបស់មន្ត្រីចរាចរណ៍ ថែមទាំងបុកមន្ត្រីអនុវត្តច្បាប់ឱ្យរងរបួសត្រង់ដៃ ថែមទាំងបើករត់គេច ហើយផុសព័ត៌មានមិនពិត ក្នុងគោលបំណងអាក្រក់ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីអនុវត្តច្បាប់។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែស្រាវជ្រាវរកបុគ្គលល្មើសច្បាប់ម្នាក់នេះ ដើម្បីឱ្យចូលខ្លួនមកអនុវត្តតាមច្បាប់៕
