រដ្ឋបាលរាជធានីភ្នំពេញ នឹងការរៀបចំ សង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសង្រ្កាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស ២០២២ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្ក្រានវត្តភ្នំ ដោយមានកម្មវិធីកម្សាន្តសប្បាយ ដូចជាទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាក់កូនខ្លែង ដណ្ដើមស្លឹកឈើ និងការលេងល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀតដែលមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានពិធីគោរពទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ ការប្រគុំតន្ត្រីបុរាណ-សម័យ និងរាំកម្សាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២។
ទន្ទឹមនេះ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅ ដោយរលូន អធិកអធម រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជាតិ និងទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំឲ្យប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន រួមទាំងសិល្បករ-សិល្បការិនី ដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ និងដូសជំរុញ និងត្រូវអនុវត្តវិធានការ “៣ការពារ និង៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដូចជា ការពាក់ម៉ាស់ ការលាងដៃ ជាមួយអាល់កុល ឬជែលសម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល-សង្គម ដោយរាល់ការចូលរួមលេងល្បែងប្រជាប្រិយ ឬចូលទស្សនាកម្មវិធីនានា នៅក្នុងបរិវេណទីតាំងរៀបចំកម្មវិធី ត្រូវសមាមាត្រនឹងបរិវេណទីតាំង ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ