សម្តេចតេជោ ហ៊ុន សែន ផ្តាំឲ្យលោក បណ្ឌិត គីម ហ៊ាង កុំធ្វើការទិតៀនដល់អាជ្ញាធរខេត្តសៀមរាប ចំពោះករណីមិនអនុញ្ញាតឲ្យធ្វើការសាងសង់អាគារខ្ពស់ៗនៅក្នុងខេត្តសៀមរាប
នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ជូនចំពោះអ្នកវិនិយោគដីធ្លីផ្នែកអចលនទ្រព្យ ដែលបានបញ្ចេញមតិធ្វើឲ្យមានប្រតិកម្ម ដោយលើកឡើងថា នៅសៀមរាបមិនអាចអភិវឌ្ឍន៍បាន ដោយសារតែមានការរាំងស្កាត់ ដោយអាជ្ញាធរមិនឲ្យសាងសង់អាគារខ្ពស់»។ សម្តេចតេជោ មានប្រសាសន៍ទៀតថា «មិនអាចយកតំបន់សៀមរាបប្រៀបធៀបទៅនឹងទីផ្សារអចលនទ្រព្យដូចខេត្តដទៃទេ បើធ្វើដូច្នោះ យើងនឹងត្រូវគេបណ្តេញចេញ ដោយយកអង្គរវត្តចេញពីបញ្ជីបេតិកភណ្ឌពិភពលោកមិនខាន»។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំ និងដាស់តឿនឲ្យ លោក បណ្ឌិត គីម ហ៊ាង កុំបន្តជាមួយនឹងលើកឡើង ដែលធ្វើការទិតៀនដល់អាជ្ញាធរនៅខេត្តសៀមរាប ដោយសារតែមិនអនុញ្ញាតឲ្យធ្វើការសាងសង់អាគារខ្ពស់ៗនៅក្នុងខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរថា ខែពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ នៅក្នុងវេទិការមួយដែលបានធ្វើឡើងនៅក្នុងខេត្តសៀមរាប រៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យ KW របស់លោកបណ្ឌិត គីម ហ៊ាង គឺលោកបានលើកឡើងអំពីចំណុចខ្លាំងនិងចំណុចខ្សោយមួយចំនួនរបស់ខេត្តសៀមរាប ដោយក្នុងនោះអ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺការលើកឡើងពីចំណុចខ្សោយរបស់ខេត្តសៀមរាប ដោយលោកបណ្ឌិតអចលនទ្រព្យរូបនេះបានរិះគន់ចំៗថា ខេត្តសៀមរាបកំណត់កំពស់សាងសង់អគារខ្លាំងពេក និងមានវប្បធម៌អភិរក្សច្រើនពេក ដែលធ្វើអោយមានការលំបាកក្នុងការវិនិយោគលើវិស័យមួយនេះ។ ដោយសារតែការបញ្ចេញមតិមួយនេះដែរ លោកបណ្ឌិត គីម ហ៊ាង ត្រូវបានឯកឧត្តម ហ៊ុន ម៉ានី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចេញមុខប្រតិកម្មយ៉ាងខ្លាំង។
