សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាចង់សាកល្បង អោយពលរដ្ឋក្នុងស្រុក រឺខេត្តណាមួយ មិនចាំបាច់ពាក់ម៉ាស់បន្តទៀតទេ
នាព្រឹកថ្ងៃចន្ទ ទី៣ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។ ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែម ជុំវិញបញ្ហាជំងឺកូវីដ-១៩ នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ហើយខ្ញុំកំពុងគិតថា នៅពេលណាមួយ នឹងអាចប្រើប្រាស់វិធីសាស្ត្រ បញ្ឈប់ការប្រើម៉ាស់នៅក្នុងខេត្តណាមួយរឺខេត្ត២ដើម្បីសាកល្បង ព្រោះម៉ាស់នឹងវាចំណាយដែរណា! វាចំណាយដែរ! អញ្ចឹងពេលខ្លះ យើងគួរតែសាកល្បង ឧបមារថាយើងយកខេត្តមួយ ឧទាហរណ៍ថា ព្រះវិហារចុះ យកព្រះវិហារ យើងអោយនៅក្នុងខេត្ត ដើរនៅក្នុងខេត្តនឹងមិនបាច់ពាក់ម៉ាស់ ប៉ុន្តែបើចេញពីក្នុងខេត្តនឹង ចូលមកទឹកដីខេត្តសៀមរាប រឺ ឧត្តរមានជ័យ ត្រូវតែពាក់ម៉ាស់។ ប៉ុន្តែបើសិនជា ថាយើងលើកលែងទាំងឧត្តរមានជ័យ ទាំងព្រះវិហារ ពេលឆ្លងពីព្រះវិហារ មកឧត្តរមានជ័យ មិនបាច់ពាក់ម៉ាស់ទេ អ្នកឧត្តរមានជ័យ ទៅព្រះវិហារ មិនបាច់ពាក់ម៉ាស់ទេ តែបើសិនឆ្លងចូលមកដីសៀមរាបភ្លាមត្រូវពាក់ម៉ាស់។ អញ្ចឹងខ្ញុំចង់បន្ត ព្រោះប្រទេសមួយចំនួនបានលើកលែងបំរាមនៃការពាក់ម៉ាស់តាមទីធ្លាសាធារណរួចស្រាច់ទៅហើយ នៅក្នុងពេលដែលគេមានជំងឺយ៉ាងធ្ងន់។ ថ្ងៃនេះយើងមានអ្នកឆ្លងត្រឹមជាង៣០នាក់ ហើយភាគច្រើនគឺនៅទីក្រុងភ្នំពេញ និយាយយ៉ាងដូច្នេះកុំអាលដោះម៉ាស់អី ចាំដល់ខ្ញុំប្រកាស ខ្ញុំកំពុងតាមដាន! រៀងរាល់ពេលល្ងាច ក្រោយម៉ោង៦បន្តិចវ៉ៃអោយខ្ញុំ ឆ្លងមានប៉ុន្មាន នៅភ្នំពេញប៉ុន្មាន ខេត្តណាប៉ុន្មាន ត្រូវវ៉ៃអោយខ្ញុំ អញ្ចឹងយើងយកស្ថានភាពនោះ ដើម្បីយើងសាកល្បង នៅក្នុងខេត្តនឹងមិនចាំបាច់ពាក់ម៉ាស់ រឺអាចថាស្រុកនឹងមួយមិនចាំបាច់ពាក់ម៉ាស់ ប៉ុន្តែបើចូលស្រុកផ្សេងគឺត្រូវតែពាក់។ អាចចាប់ផ្តើមពីស្រុក ពីដំបូងតូច រឺក៏អាចចាប់ផ្តើមដាក់ខេត្តមួយអញ្ចឹងទៅ រឺក៏ដាក់ឧទាហរណ៍ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ៣ខេត្តនឹងមិនចាំបាច់ពាក់ម៉ាស់។ រឺក៏យើងរើសមួយខេត្តមុន កំពុងពិចារណាពីបញ្ហានេះ ព្រោះវាមានតំរូវការចំណាយដែរ ចំណាយលើអាទិញម៉ាស់នឹង ព្រោះម៉ាស់មួយពាក់បានតែប៉ុន្មានម៉ោងត្រូវដូរហើយ៕
