រដ្ឋបាលរាជធានីភ្នំពេញ ចេញប្រកាសហាមឃាត់ដាច់ខាតការលេងបាញ់ទឹក ជះទឹក ប៉ាតម្ស៉ៅ លើអ្នកធ្វើដំណើរ អំឡុងពេលពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស ២០២២ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ខាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាលធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ និងសេចក្ដីថ្លៃថ្នូដ៏ផូផង់របស់ជាតិយើង រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ដូចខាងក្រោម៖

១.ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។
២.ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទៀន ធូប ភ្លើង ចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។
៣. ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងចៀសវាងដាច់ខាតការលេងបាញ់ទឹក ជិះទឹកគប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬវាយដោយរំពាត់ដល់អ្នកដំណើរ ឬអ្នកជិះម៉ូតូ បង្ហោះប្រដេញគ្នាលេងនៅតាមផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សាបាននូវភាពថ្លៃថ្នូរស័ក្ដិសមជាកុលបុត្រកុលធីតាខ្មែរ។
៤.ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព អនាម័យ និងត្រូវអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ក្រាបការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿងជាក់ថា បងប្អូនប្រជាពលរដ្ឋក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត និងកម្មករ កម្មការិនីទាំងអស់ ចូលរួមអនុវត្តតាមខ្លឹមសារខាងលើ ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ