ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំម៉ាឡេស៊ី ជូនដំណឹងដល់សាធារណជន ដែលមានបំណងទៅកាន់ប្រទេសម៉ាឡេស៊ី ត្រូវភ្ជាប់នូវលក្ខខណ្ឌចាំបាច់ទាំងនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅថ្ងៃទី០៥ ខែមេសាឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង សូមជម្រាបដល់ប្រជាពលរដ្ឋ ពលរដ្ឋ ពលករ-ពលការិនី សិស្ស-និស្សិត ដែលកំពុងស្នាក់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេសម៉ាឡេស៊ី និងសម្រាប់អ្នកដំណើរ ដែលមានបំណងចូលមកប្រទេសម៉ាឡេស៊ីឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ប្រទេសម៉ាឡេស៊ី បានបើកព្រំដែនប្រទេសឡើងវិញដោយភ្ជាប់នូវលក្ខខណ្ឌចាំបាច់ដូចតទៅ៖

១.បំពេញបែបបទតាមកម្មវិធី “https://mysejahtera.malaysia.gov.my” មួយសប្តាហ៍មុនពេលធ្វើដំណើរចូលមកប្រទេសម៉ាឡេស៊ី(ដូចមានសេចក្ដីណែនាំក្នុងឧបសម្ព័ន្ធ)។
២.ត្រូវបំពេញបែបបទតាមវិធីរបស់ក្រសួងសុខាភិបាល ប្រទេសម៉ាឡេស៊ី (ដូចមានសេចក្ដីណែនាំក្នុងឧបសម្ព័ន្ធ២)។
៣.បង្ហាញព័ត៌មានលម្អិតអំពីប្រវត្តិនៃការចាក់ថ្នាំបង្ការកូវីដ-១៩ ដូចជាបង្ហាញប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ តាមកម្មវិធីប្រព័ន្ធឌីជីថល(mysafetravel.gov.my)។
៤.អ្នកដំណើរត្រូវ៖
-ទទួលពិន័យ ឬអ្នចជាប់ពន្ធនាគារ ប្រសិនបើផ្ដល់ព័ត៌មានមិនពិត។
-ធ្វើចត្តាឡីស័កចំនួន ០៥ថ្ងៃ ចាប់ពីថ្ងៃមកដល់ប្រទេសម៉ាឡេស៊ិ ប្រសិនបើមិនបានចាក់ថ្នាំបង្ការកូវីដ-១៩ ពេញលេញ។
-ធ្វើតេស្តកូវីដ-១៩ តាមមណ្ឌលព្យាបាលសុខភាពឯកជន ដែលមានការទទួលស្គាល់ក្នុងរយៈពេល២៤ម៉ោង ពេលមកដល់ម៉ាឡេស៊ី។ ប្រសិនមានលទ្ធផលបញ្ជាក់ពីហានិភ័យសញ្ញាពណ៌ក្រហម ត្រូវដាច់ដោយឡែករយៈពេល ០៥ថ្ងៃ។
-ករណីអ្នកដំណើរទទួលលលទ្ធផលវិជ្ជមាន RT-PCR និង RTK Ag តេស្ត ក្នុងអំឡុងពេលស្នាក់នៅប្រទេសម៉ាឡេស៊ី អ្នកដំណើរត្រូវស្នាក់នៅដាច់ដោយឡែកតាមការកំណត់របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី និងតម្រូវអ្នកដំណើរចេញថ្លៃធ្វើតេស្តកូវីដ-១៩ ការស្នាក់នៅ និងការព្យាបាលផ្សេងៗ ដោយខ្លួនឯង។
៥.អ្នកដំណើរទាំងអស់ ត្រូវប្រើកម្មវិធី Mysejahtera ដើម្បីគោរពតាមនីតិវិធីច្បាប់ និងវិធានការរបស់ក្រសួងសុខាភិបាល Standard Operating Procedure (SOP) ៕
